Connect with us

ព័ត៌មាន

ធនាគារជាតិថ្កោលទោសចំពោះការផ្សាយមិនពិតថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួនប្រឈមនឹងបញ្ហា

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោស និងបដិសេធ ច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាម និងព័ត៌មានដែលគ្មានប្រភព ច្បាស់លាស់តាមបណ្តាញសង្គម ដោយលើកឡើងថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួន កំពុងប្រឈមនឹងបញ្ហា ឬអាចជួបប្រទះបញ្ហានាពេលខាងមុខ។

យោងតាមសេចក្តីថ្លែងការណ៍ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា នាពេលកន្លងមក មានការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាម និងព័ត៌មានដែលគ្មានប្រភព ច្បាស់លាស់តាមបណ្តាញសង្គម ដោយលើកឡើងថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួន កំពុងប្រឈមនឹងបញ្ហា ឬអាចជួបប្រទះបញ្ហានាពេលខាងមុខ។

ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា៖«ព័ត៌មានទាំងនេះមិនមានមូលដ្ឋានពិតប្រាកដ និងអាចបង្កឱ្យមានការយល់ច្រឡំ ព្រមទាំងអាចប៉ះពាល់ដល់ផលប្រយោជន៍របស់សាធារណជន អ្នកប្រើប្រាស់សេវាធនាគារ និង ទំនុកចិត្តលើប្រព័ន្ធធនាគារទាំងមូល»។

«ធនាគារជាតិនៃកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយ និងការបំភ្លៃ ព័ត៌មានមិនពិតដោយចេតនា ក្នុងគោលបំណងធ្វើវិទ្ធង្សនាសេដ្ឋកិច្ច។ ធនាគារជាតិនៃកម្ពុជាសូម អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមច្បាប់ចំពោះបុគ្គលពាក់ព័ន្ធ»។ នេះបើតាមសេចក្ដីថ្លែងការណ៍។

ធនាគារជាតិនៃកម្ពុជា អំពាវនាវដល់សាធារណជនជៀសវាងការផ្សព្វផ្សាយ ឬចែករំលែកបន្តនូវព័ត៌មាន ដែលមិនមានប្រភពច្បាស់លាស់ និងគួរធ្វើការផ្ទៀងផ្ទាត់ព័ត៌មានតាមរយៈប្រភពផ្លូវការ ជាពិសេស ពីធនាគារជាតិនៃកម្ពុជា និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia