Connect with us

ព័ត៌មាន

អ្នករាយការណ៍ពិសេស UN៖ កម្ពុជាបានចាត់វិធានការសំខាន់ៗ ដើម្បីបង្ក្រាបការឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​

ភ្នំពេញ៖ លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួល​បន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា បានបញ្ជាក់​ថា កម្ពុជាបានចាត់វិធានការសំខាន់ៗ ដើម្បី​បង្ក្រាបឧស្សាហកម្មឆបោក​តាមប្រព័ន្ធបច្ចេក​វិទ្យា​ ដោយលោក​បាន​លើក​ឡើង​ពី​ការ​បិទ​ទីតាំង​ឆបោក​​ជាង ៦០០កន្លែង ការអនុវត្តច្បាប់ជាបន្តបន្ទាប់ ការដកហូតអាជ្ញាប័ណ្ណកាស៊ីណូ និង​ការ​មាន​ចំណាត់​ការផ្លូវច្បាប់ជាបន្តទៀត លើ​អ្នកដែលពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​បោក​ប្រាស់​អនឡាញ​នេះ​​។ នេះបើយោងតាមរបាយការណ៍របស់ លោក Thom H. Andrews ដាក់​របាយការណ៍​ទៅ​ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) កាលពីពេលថ្មីៗនេះ។

ក្នុងរបាយការណ៍ចុងក្រោយរបស់លោក ដែលបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN លោក Andrews បានលើកឡើងថា នៅខែកុម្ភៈ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត បានបង្កើតគណៈកម្មការចំពោះកិច្ច​ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោក​តាម​អន​ឡាញ ​ដែលបង្ហាញពីការប្តេជ្ញាចិត្តផ្នែកនយោបាយកម្រិតខ្ពស់។ លោក Andrews បាននិយាយ​ថា៖ «នៅពេលដែលមានឆន្ទៈនយោបាយ នោះនឹងមានដំណោះស្រាយ»។

យោងតាមរបាយការណ៍របស់ UN បាន​ឱ្យដឹង​ថា​ នៅខែកក្កដា ឆ្នាំ២០២៥ រដ្ឋាភិបាលបានចេញបទបញ្ជាដែលមានចំណុចសំខាន់ៗចំនួន ៩ ដោយតម្រូវឱ្យស្ថាប័ន និងអាជ្ញាធរនានាបិទទីតាំងឆបោក​ អនុវត្តច្បាប់ទេសន្តរ​ប្រវេសន៍ និងត្រួតពិនិត្យអាជ្ញាប័ណ្ណកាស៊ីណូ ក្នុង​ចំណោម​វិធានការផ្សេងៗទៀតដែលកំណត់គោលដៅលើឧស្សាហកម្មឆបោក​តាម​ប្រព័ន្ធអ៊ីនធឺណិតនេះ​។

ដើម្បីពង្រឹងការអនុវត្តច្បាប់នេះ រដ្ឋសភាបានអនុម័តច្បាប់ដ៏សំខាន់មួយ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោក​តាមប្រព័ន្ធ​បច្ចេក​វិទ្យា នៅខែមេសា ឆ្នាំ២០២៦ ដោយកំណត់ទោសព្រហ្មទណ្ឌយ៉ាងតឹងរ៉ឹង រួមទាំងការដាក់ទោសជាប់ពន្ធនាគារអស់មួយជីវិត ចំពោះប្រតិបត្តិការខុសច្បាប់។

អ្នករាយការណ៍ពិសេសរបស់ UN រូបនេះបានលើក​ឡើង​ទៀត​ថា៖ «នៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជា បានចាត់វិធានការសំខាន់ៗ ដើម្បីបង្ក្រាបឧស្សាហកម្មឆបោក​តាមប្រព័ន្ធបច្ចេក​វិទ្យា»។

ក្របខ័ណ្ឌច្បាប់ទាំងនេះ បង្ហាញពីគោលនយោបាយមិនអត់ឱនដាច់ខាតរបស់រដ្ឋាភិបាលកម្ពុជា ចំពោះបណ្តាញឧក្រិដ្ឋកម្មដែលមានការៀបចំជាប្រព័ន្ធ​អន្តរជាតិ ដែលកំពុងប្រតិបត្តិការ នៅក្នុងទឹកដីរបស់ខ្លួន។

អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់ UN រូបនេះ បានបន្ត​ថា វិធាន​ការ​ទាំងនេះត្រូវបានកើត​ឡើង​អមដោយការបង្កើនសកម្មភាព​អនុវត្តច្បាប់ប្រឆាំងនឹងទីតាំងឆបោក​ រួមទាំងការស៊ើបអង្កេត ការ​ចុះឆែកឆេរ និងការចាប់ខ្លួន​។

យោងតាមរបាយការណ៍របស់ UN បាន​បញ្ជាក់​ទៀត​ថា​ អាជ្ញាធរកម្ពុជាបានសម្រេចលទ្ធផលដែលមិនធ្លាប់មានពីមុន ដោយធ្វើការស៊ើបអង្កេត ការ​ចុះឆែកឆេរ និងបិទទីតាំងឆបោកជាង ៦០០កន្លែង ព្រមទាំងចាប់ផ្តើមនីតិវិធីព្រហ្មទណ្ឌប្រឆាំងនឹងអ្នកប្រតិបត្តិការជាង ៤.០០០នាក់។ សមិទ្ធផលសំខាន់ៗ ក្នុងការអនុវត្តច្បាប់ដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ រួមមានការដកហូតអាជ្ញាបណ្ណកាស៊ីណូដែលមិនគោរពតាមបទប្បញ្ញត្តិ និងការធ្វើបត្យាប័នមេដឹកនាំបណ្តាញឆបោកសំខាន់ៗ។

អាជ្ញាធរអនុវត្តច្បាប់កម្ពុជាក៏បានឃាត់ខ្លួនជនសង្ស័យជិត ៣០.០០០នាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធ​បច្ចេក​វិទ្យា​ ខណៈមន្ត្រីរដ្ឋាភិបាល បានប្រាប់អ្នករាយការណ៍ពិសេសកាលពីខែកក្កដាថា មនុស្សប្រមាណ ៣០០.០០០នាក់ដែលពាក់ព័ន្ធនឹងប្រតិបត្តិការឆបោក បានចាកចេញពីប្រទេស។

លោក Andrews បានសង្កត់ធ្ងន់ថា វិធានការទូលំទូលាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ១ឆ្នាំកន្លះកន្លងមក បានរំខាន និងផ្លាស់ប្តូរយ៉ាងខ្លាំង​ដល់​រចនាសម្ព័ន្ធឧស្សាហកម្មការឆបោកតាមប្រព័ន្ធ​បច្ចេក​វិទ្យា នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ​លោកបានបន្ថែមថា រូបភាពទាំងស្រុង​ មិនទាន់ច្បាស់លាស់នៅឡើយទេ។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ មន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន បានប្រាប់អ្នករាយការណ៍ពិសេសថា អាជ្ញាធរកំពុងធ្វើការពិនិត្យអ្នកដែលត្រូវបានដោះលែងពីទីតាំងប្រតិបត្តិការឆបោក ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះពីការជួញដូរមនុស្ស ហើយថា ​រដ្ឋាភិបាលក៏កំពុងផ្តល់អាហារ ទីជម្រក និងការគាំទ្រដល់បុគ្គលទាំងនេះផងដែរ៕ ដោយ៖ វ៉ាន់ ស្រីទាវ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia