Connect with us

ព័ត៌មាន

របាយការណ៍របស់ UN៖ កម្ពុជាធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់ចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស

ភ្នំពេញ៖ ក្នុងរយៈពេលជាង ៣ទសវត្សរ៍ គិតចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាប្រវត្តិសាស្ត្រ ត្រូវបានចុះហត្ថលេខា ប្រទេសកម្ពុជាបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជារាប់លាននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) នាពេលថ្មីៗនេះ។

ក្នុងរបាយការណ៍របស់លោក អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា លោក Thomas Andrews បានគូសបញ្ជាក់ពីការរកឃើញសំខាន់ៗ ក្នុងអំឡុងពេលមានបេសកកម្មស្វែងរកការពិតផ្លូវការរបស់លោក នៅប្រទេសកម្ពុជា កាលពីខែកក្កដា។

លោក Andrews បានបញ្ជាក់ថា ក្នុងរយៈពេល ៣ទសវត្សរ៍កន្លះ ចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានបង្កើតឡើង ស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជារាប់លាននាក់ បានល្អប្រសើរឡើងយ៉ាងខ្លាំង។ ក្នុងចំណោមសមិទ្ធផលសេដ្ឋកិច្ចសង្គមសំខាន់ៗ ដែលបានរៀបរាប់លម្អិតនៅក្នុងរបាយការណ៍របស់ UN កម្ពុជាបានកាត់បន្ថយអត្រាភាពក្រីក្រថ្នាក់ជាតិ បានប្រហែលពាក់កណ្តាល ក្នុងរយៈពេលត្រឹមតែចន្លោះឆ្នាំ ២០០៩ ដល់ឆ្នាំ២០១៩។

ការរីកចម្រើនសេដ្ឋកិច្ចដែលបន្តមានជាប្រចាំនេះ បានដំណើរការទន្ទឹមគ្នាជាមួយការអភិវឌ្ឍសង្គមយ៉ាងទូលំទូលាយ រួមមានអាយុសង្ឃឹមរស់ជាមធ្យមកើនឡើង ១៥ឆ្នាំ ការកាត់បន្ថយ ៧៥ភាគរយនៃអត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំ និងការពង្រីកលទ្ធភាពទទួលបានសេវាសាធារណៈសំខាន់ៗ ដូចជាទឹកស្អាត អគ្គិសនី និងការអប់រំ។

កិច្ចព្រមព្រៀងសន្តិភាព បានដាក់មូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពនយោបាយ ដែលបានអនុញ្ញាតឱ្យព្រះរាជាណាចក្រកម្ពុជា ផ្លាស់ប្តូរពីរយៈពេលជាច្រើនទសវត្សរ៍នៃការស្តារប្រទេសឡើងវិញក្រោយជម្លោះ ទៅកាន់យុគសម័យនៃកំណើនសេដ្ឋកិច្ចដែលមានសន្ទុះ និងប្រកបដោយចីរភាព។

ភាពប្រសើរឡើងយ៉ាងខ្លាំងនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជារាប់លាននាក់នេះ បានជួយឱ្យប្រទេសជាតិត្រៀម សម្រាប់ការចាកចេញជាផ្លូវការពីប្រទេសមានការអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ ខណៈដែលកំពុងបន្តបំពេញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព មុនកាលកំណត់។

លោក Andrews បានបន្តទៀតថា ប្រទេសកម្ពុជាបានធ្វើឱ្យមានការវិវឌ្ឍគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ខ្លួន ដោយបានសម្រេចបាននូវគោលដៅមួយចំនួនរបស់ខ្លួនរួចមកហើយ នៅមុនកាលកំណត់ឆ្នាំ២០៣០។

លោកបានបន្ថែមថា កម្ពុជាគ្រោងនឹងចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។ ក្នុងឆ្នាំ២០២៥ កម្ពុជាបានក្លាយជាប្រទេសដំបូងគេ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលសម្រេចបានគោលដៅជាសកល ៩៥-៩៥-៩៥ ស្ដីពីវីរុសអេដស៍។

រយៈពេល ៣៥ឆ្នាំកន្លងមកនេះ គោលនយោបាយសេដ្ឋកិច្ចជាយុទ្ធសាស្ត្រ និងកំណែទម្រង់ទីផ្សារ បានធ្វើទំនើបកម្ម លើទិដ្ឋភាពហិរញ្ញវត្ថុរបស់ប្រទេស ដោយបានជួយលើកកម្ពស់ប្រាក់ចំណូលគ្រួសារយ៉ាងខ្លាំង និងបង្កើតឱកាសយ៉ាងទូលំទូលាយ នៅទូទាំងវិស័យនានា ទាំងក្នុងទីក្រុង និងជនបទ៕ ដោយ៖ វ៉ាន ស្រីទាវ

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia