Connect with us

ព័ត៌មាន

កាកបាទក្រហមកម្ពុជា គាំទ្របេក្ខភាពម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា សម្រាប់តំណែងជាប្រធានសហព័ន្ធអន្តរជាតិ

កាកបាទក្រហមកម្ពុជាបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម នាពេលខាងមុខ ព្រមទាំងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

នៅក្នុងជំនួបពិភាក្សាការងាររវាង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា   ជាមួយម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ នាថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ ។

លោកជំទាវបណ្ឌិត បាននាំនូវព្រះរាជបណ្តាំ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។

ក្នុងឱកាសដើមជំនួបនោះ ម្ចាស់ក្សត្រី បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក្នុងការកសាងបណ្តាញយុវជនពីអនុវិទ្យាល័យរហូតឧត្តមសិក្សា និងបណ្តាញអ្នកស្ម័គ្រចិត្ត ចាប់ពីកំរិតភូមិមួយទៅភូមិមួយ។ លើសពីនេះទៅទៀតម្ចាស់ក្សត្រី បានកោតសសើរចំពោះការបង្កើតភាពធន់ សហគមន៍ និងយុទ្ធនាការអប់រំផ្សព្វផ្សាយនិងការជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋដែលរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ផង ដែរ។

ទាន់ទិននិងស្ថានភាពជំងឺអេដស៍លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍បានគូសបញ្ជាក់ថា​បើទោះបីបច្ចុប្បន្នមានការកើន ឡើងនូវ តួលេខខ្លះៗយ៉ាងណាក៏ដោយក៏កាកបាទក្រហមកម្ពុជានៅតែបន្តខិតខំប្រឹងប្រែងយ៉ាងសកម្មជាមួយអ្នកថ្នាក់ដឹកនាំ និងឥស្សរជនឆ្នើម ។

ដោយឡែកម្ចាស់ក្សត្រីក៏បានលើកឡើងពីស្ថានភាពនៃការកើនឡើងករណីអេដស៍នៅប្រទេសម៉ាឡេស៊ី ភាគច្រើនលើក្រុមអ្នក ប្រើប្រាស់គ្រឿងញៀននិងក្រុមប្រជាជនគន្លឹះ។ ចំណុចសំខាន់មួយទៀតនៃជំនួបនេះគឺការ ពិភាក្សាអំពីកិច្ចប្រជុំមហា សន្និបាតសហព័ន្ធអន្តរជាតិ ដែលនឹងប្រព្រឹត្តនៅចុងខែវិច្ឆិកា និងដើមខែធ្នូខាងមុខនេះ ដើម្បីបោះឆ្នោតជ្រើសរើសប្រធាន និងថ្នាក់ដឹកនាំតាមអាណត្តិ ២ឆ្នាំម្តង ។

ក្នុងនោះមានបេក្ខភាពចំនួន​៣រូបដែលត្រូវប្រកួតប្រជែងហើយកាកបាទក្រហមកម្ពុជានឹងបញ្ជូនប្រតិភូ៣រូបទៅចូលរួម ក្នុងការ បោះឆ្នោតនេះដោយផ្ទាល់ ។

លោកជំទាវបណ្ឌិត បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់កាកបាទក្រហមកម្ពុជា ចំពោះបេក្ខភាពរបស់ម្ចាស់ក្សត្រី និងបានជូនពរឲ្យទទួលជោគជ័យ ព្រោះលោកជំទាវបណ្ឌិត មើលឃើញពីចក្ខុវិស័យវែងឆ្ងាយ និងការប្តេជ្ញាចិត្តខ្ពស់ របស់ម្ចាស់ក្សត្រី ក្នុងការជួយដល់សមាគមជាតិទាំង១៩១លើពិភពលោក ។

លើសពីនេះកាកបាទក្រហមកម្ពុជានិងអឌ្ឍចន្ទក្រហមម៉ាឡេស៊ី ក៏បានសម្លឹងមើលឱកាសបង្កើនកិច្ចសហប្រតិបត្តិការទ្វេរភាគី តាមរយះការផ្លាស់ប្តូរបទពិសោធន៍ និងសកម្មភាពយុវជន ។

កន្លងមកអឌ្ឍចន្ទក្រហមម៉ាឡេស៊ីធ្លាប់បានទទួលស្វាគមន៍យុវជនកាកបាទក្រហមជប៉ុននិងសឹង្ហបុរី  ហើយកាលពីឆ្នាំ២០២៤ ក៏បានបញ្ជូនតំណាងយុវជនមកចូលរួមកម្មវិធីបោះជំរំអន្តរជាតិដែលរៀបចំឡើងដោយកាកបាទក្រហមកម្ពុជា នៅខេត្តឧត្តរ មានជ័យ ។

ចុងក្រោយលោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ បានជម្រាបជូនអំពីការងារអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា រួមមាន៖ការពង្រឹងសាខាទាំង២៥,លើកកម្ពស់ច្បាប់មនុស្សធម៌អន្តរជាតិ , ការជួយសង្គ្រោះប្រជាពលរដ្ឋងាយ រងគ្រោះពីគ្រោះ មហន្តរាយនិងការបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម។ ភាគីទាំងពីរបានគូសបញ្ជាក់ដូចគ្នាថា យុវជនគឺជាកម្លាំងចលករដ៏ សំខាន់ និងជាអ្នកផ្តើមគំនិតក្នុងការកសាងសន្តិភាពនិងការអភិវឌ្ឍ៕

អត្ថបទ៖ សំ ងីម

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia