Connect with us

ព័ត៌មាន

កាកបាទក្រហមកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូអឌ្ឍចន្ទក្រហមម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការងារមនុស្សធម៌

នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមជាមួយសហការី បានទទួលជួបពិភាក្សាទ្វេភាគីជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា (H.H. TUNKU PUTERI INTAN SAFINAZ) ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី និងគណៈប្រតិភូ។ ជំនួបនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងឱកាសដែលគណៈប្រតិភូអឌ្ឍចន្ទក្រហមម៉ាឡេស៊ី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។

នៅក្នុងជំនួបពិភាក្សាទ្វេភាគីនេះ លោកជំទាវ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានជម្រាបជូនគណៈប្រតិភូនូវប្រវត្តិសង្ខេប និងយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានទិសដៅច្បាស់លាស់ក្នុងការកសាងសមត្ថភាពនៅមូលដ្ឋាន ដើម្បីសម្រេចបាននូវគោលដៅសកល។ យុទ្ធសាស្ត្រនេះផ្តោតលើនិរន្តរភាពហិរញ្ញវត្ថុ និងថវិកាសម្រាប់ការប្រតិបត្តិការមនុស្សធម៌ ព្រមទាំងការវាយតម្លៃពាក់កណ្តាលអាណត្តិ និងការរៀបចំផែនការអភិវឌ្ឍបន្តសម្រាប់ឆ្នាំ២០២៦-២០៣០។

លោកជំទាវក៏បានរំលេចពីសមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០២៥ ដូចជាការឆ្លើយតបគ្រោះមហន្តរាយ ការជួយសង្គ្រោះប្រជាពលរដ្ឋភៀសសឹកកំឡុងពេលមានជម្លោះតាមព្រំដែន កម្ពុជា-ថៃ ការលើកកម្ពស់ច្បាប់មនុស្សធម៌អន្តរជាតិ ការងារសុខភាព និងការអភិវឌ្ឍស្ថាប័ន។ ជាមួយគ្នានេះ ម្ចាស់ក្សត្រី ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធផល នៃការកសាងផ្ទះជូនប្រជាពលរដ្ឋ ជាពិសេសផ្ទះព្រះរាជទានរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងការឧបត្ថម្ភគាំទ្រជាទៀងទាត់ដល់កាកបាទក្រហមកម្ពុជាផងដែរ។

ក្រៅពីនេះ ភាគីទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការ រវាងសមាគមជាតិ ជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងសហព័ន្ធអន្តរជាតិ (IFRC)។ លោកជំទាវអគ្គលេខាធិការបានគូសបញ្ជាក់ថា ក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ២.០ កាកបាទក្រហមកម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយ ICRC ជាពិសេសក្នុងការសម្របសម្រួលដោះលែងវីរយុទ្ធជន ១៨រូប ដែលត្រូវខាងយោធាថៃចាប់ឃុំខ្លួន។ តាមរយៈការកោះប្រជុំពិភាក្សាគ្នាចំនួន ១៨លើក រវាងកាកបាទក្រហមកម្ពុជា និង ICRC ការចេញសេចក្តីថ្លែងការណ៍រួម និងការផ្លាស់ប្តូរសារលិខិតគ្រួសារ បានធ្វើឱ្យវីរយុទ្ធជនទាំង ១៨រូប ត្រូវបានដោះលែងត្រឡប់មកវិញដោយសុវត្ថិភាពនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។

ទន្ទឹមនឹងនេះ កាកបាទក្រហមកម្ពុជា បាននិងកំពុងបន្តជួយអប់រំផ្សព្វផ្សាយ អំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងចុះជួយប្រជាពលរដ្ឋជាង ២ម៉ឺនគ្រួសារ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាន។ លោកជំទាវអគ្គលេខាធិការ ក៏បានគូសបញ្ជាក់បន្ថែមអំពីការងារអេដស៍ និងតួនាទីដឹកនាំដ៏ឆ្នើមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិ ក្នុងការចុះផ្ទាល់តាមសហគមន៍ ជួយឧបត្ថម្ភ និងលុបបំបាត់ការរើសអើង ចំពោះអ្នកផ្ទុកមេរោគអេដស៍។ ការតស៊ូមតិ របស់សម្តេចប្រធាន បានជំរុញឱ្យមានច្បាប់ស្តីពីអេដស៍នៅកន្លែងធ្វើការ និងបង្កើតក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលនាំឱ្យកម្ពុជាសម្រេចបាននូវគោលដៅ ៩៥-៩៥-៩៥ ជាមោទនភាពជាតិ។

ម្ចាស់ក្សត្រី ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី បានកោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាព និងការរីកចម្រើនរបស់កាកបាទក្រហមកម្ពុជា ព្រមទាំងសម្តែងនូវក្តីសង្ឃឹមថា នឹងមានឱកាសវិលត្រឡប់មកផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតនាពេលខាងមុខ៕

អត្ថបទ៖ សំ ងីម

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia