ព័ត៌មាន
ពលរដ្ឋ យកឱកាសបុណ្យភ្ជុំបរិច្ចាគឈាម ជួយអ្នកជំងឺត្រូវការឈាមសង្រ្គោះជីវិត
ប្រជាពលរដ្ឋ យកឱកាសរដូវបុណ្យភ្ជុំបិណ្ឌ ស្ម័គ្រចិត្ត ចូលរួមបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីរួមចំណែក ជួយដល់អ្នកជំងឺ ដែលកំពុងត្រូវការឈាមសង្រ្គោះជីវិត។
នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំផ្នែកវិស័យឯកជន បានចលនាបុគ្គលិក និងពលរដ្ឋជិត ២០០នាក់ ចូលរួមបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលកំពុងមានជំងឺធ្ងន់ ត្រូវការឈាមដើម្បីសង្រ្គោះជីវិត។
លោក លោក កែវ ស៊ាងលី អគ្គនាយករងមូលនិធិ វី អា វ័ន ធីម (We are one team) បានប្រាប់ថា មូលនិធិ វី អា វ័ន ធីម បានរៀបចំព្រឹត្តិការណ៍ បរិច្ចាគឈាមស្ម័គ្រចិត្ត ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ជីវិតថ្មី” ដែលជាឆ្នាំទី៤ នឹងជាត្រូវជាលើកទី១២ ប្រចាំឆ្នាំផងដែរ។
លោកបញ្ជាក់ថា មូលនិធិ តែងតែរៀបចំ និងចូលរួមការបរិច្ចាគឈាម ១ឆ្នាំចំនួន ៣ដង ដែលលើកទី១ ថ្ងៃទី ១៤កុម្ភៈ លើកទី២ ថ្ងៃទី១៤ មិថុនា និងលើកទី៣ ថ្ងៃទី ១៤ តុលា ដោយឡែកសម្រាប់ឆ្នាំ២០២៦នេះ បានធ្វើឡើងនៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៦ នៅសាលក្រុមហ៊ុន វី វ៉ាយ ផ្លាស ស្ថិតនៅក្នុងផ្សារទំនើបស្ទឹងមានជ័យ ជាន់ទី៧ ដែលអ្នកចូលរួមបរិច្ចាគឈាមមានចំនួន ១៥០នាក់ ដើម្បីនាំបុគ្គលិក និងសាធារណជន ចូលរួមធ្វើបុណ្យក្នុងរដូវភ្ជុំបិណ្ឌ។ ប្រធានមូលនិធិ វី អា វ័ន ធីម បានឱ្យដឹងថា មូលនិធិ មានបេសសកម្ម ៣សំខាន់ៗគឺ អប់រំ សុខភាព និងបរិស្ថាន។ លោកអំពាវនាវដល់ពលរដ្ឋ ពិសេសយុវជន ចូលរួមឱ្យបានផុលផុស បរិច្ចាគឈាមសង្រ្គោះជីវិតពលរដ្ឋ ដែលកំពុងត្រូវការជំនួយឈាម។
សូមបញ្ជាក់ផងដែរថា គិតត្រឹមឆ្នាំទី៤ លើកទី១២នេះ មូលនិធិ វី អា វ័ន ធីម បានគៀងគរ អ្នកចូលរួមបរិច្ចាគឈាមប្រមាណជា ៩៦០នាក់។
អ្នកស្រី រស្មី និងស្វាមី មានស្រុកកំណើតនៅខេត្តព្រៃវែង ដែលមកចូលរួមបរិច្ចាគឈាមលើកដំបូងជាមួយ មូលនិធិ វី អា វ័ន ធីម ប្រាប់ថា អ្នកស្រីនិងស្វាមី ចង់បរិច្ចាគឈាមជាយូរមកហើយ ប៉ុន្ដែដោយសារមមាញឹក ការងារច្រើន ទើបខកខានការចូលរួមបរិច្ចាគឈាមកន្លងមក។ ប៉ុន្ដែតាមរយៈសកម្មភាពរបស់មូលនិធិនេះ បានផ្ដល់ឱកាសឱ្យអ្នកស្រី និងស្វាមីបានបំពេញបំណងប្រាថ្នា បរិច្ចាគឈាម ដើម្បីជួយដល់អ្នកមានជំងឺធ្ងន់ និងអ្នកសង្រ្គោះបន្ទាន់ដែលត្រូវការជំនួយឈាម។ អ្នកស្រីអះអាងថា នឹងចូលរួមបរិច្ចាគឈាមជាបន្តបន្ទាប់ទៀត ដើម្បីរួមចំណែកជួយដល់ពលរដ្ឋដែលកំពុងត្រូវការឈាមសង្រ្គោះតាមវិជ្ជសាស្រ្ដ។
កញ្ញា វ៉ា កក្កដា រស់នៅខេត្តកំពង់ធំ បានប្រាប់ថា នេះជាលើកទី២ ដែលកញ្ញាចូលរួមបរិច្ចាគឈាម។ លើកទី១ កញ្ញាបានបរិច្ចាគឈាមជូនសាច់ញាតិនៅខេត្តកំពង់ធំ ដែលសង្រ្គោះបន្ទាន់។ ចំណែកលើកទី២នេះ គឺជាការស្ម័គ្រចិត្ត បន្ទាប់ពីការបរិច្ចាគឈាមលើកទី១ ឃើញថា សុខភាពមិនមានបញ្ហាអ្វី តែសុខភាពល្អជាងមុន។ កញ្ញាចង់ឱ្យយុវជនខ្មែរ ចូលរួមសកម្មភាពបរិច្ចាគឈាមឱ្យផុលផុសដើម្បីសង្រ្គោះជីវិតពលរដ្ឋផ្សេងៗទៀតដែលកំពុងមានជំងឺធ្ងន់។
កញ្ញា ឃន ដាលីន មន្រ្ដីទំនាក់ទំនងសាធារណៈ នៃមជ្ឈមព្ឌលជាតិផ្ដល់ឈាម ឱ្យដឹង ថា ការចូលរួមបរិច្ចាគឈាម ពីសាធារណជន វិស័យរដ្ឋ និងវិស័យឯកជន មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការសង្រ្គោះជីវិតអ្នកជំងឺដែលរងរបួសធ្ងន់ ឫជំងឺរ៉ាំរ៉ៃ។ កញ្ញា ថា បើទោះបីបច្ចុប្បន្ន ការចូលរួមបរិច្ចាគឈាម ពីសាធារណជន ផុលផុស ប៉ុន្ដែដោយសារកត្តាជំងឺបច្ចុប្បន្នមានច្រើនប្រភេទ រួមទាំងគ្រោះថ្នាក់ផ្សេងៗ ពិសេសគ្រោះថ្នាក់ចរារណ៍ តម្រូវការឈាមនៅតែមានជាប្រចាំ។ មន្រ្ដីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម អំពាវនាវដល់ពលរដ្ឋ បន្តចូលរួមបរិច្ចាគឈាម ដែលអាចអញ្ជើញទៅដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលស្ថិតនៅលើផ្លូវ ២៧១ ជាប់មន្ទីរមិត្តភាពខ្មែរសូវៀត ឬមន្ទីរពេទ្យរុស្ស៊ី ចាប់ទទួលអំណោយឈាមពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១០យប់។
មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បញ្ជាក់ថា ការបរិច្ចាគឈាមមិនបង្កផលប៉ះពាល់ដល់សុខភាពនោះឡើយ ប៉ុន្ដែនឹងជួយដល់សុខភាព កាត់បន្ថយការលើសជាតិដែកក្នុងឈាម ទប់ស្កាត់ជំងឺថ្លើម និងលំពែង ទប់ស្កាត់ជំងឺលើសសម្ពាធឈាម និងកាត់បន្ថយអត្រារីកដុះដាល នៃកោសិកាមហារីកថែមទៀតផង។ ពលរដ្ឋគ្រប់រូប អាចចូលរួមបរិច្ចាគឈាមបាន អាយុចាប់ពី ១៨ ដល់ ៦០ឆ្នាំ មានទម្ងន់ចាប់ពី ៤៥គីឡូឡើងទៅ ជាអ្នកដែលគ្មានជំងឺ ឬលេបថ្នាំជាប្រចាំ៕អត្ថបទ៖ លៀ ស៊ីណា








-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន6 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា