Connect with us

ព័ត៌មាន

ចាប់ពីថ្ងៃទី១ខែតុលា តទៅយុវជនមានអាយុពី១៨ដល់២៥ឆ្នាំ អាចទៅទទួលពាក្យស្នើសុំចូលបំពេញកាតព្វកិច្ចយោធា នៅឯមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក-ខណ្ឌ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ យុវជនដែលមានអាយុចាប់ពី១៨ ដល់ ២៥ ឆ្នាំ ដែលមានបំណងចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួលពាក្យស្នើសុំនៅឯមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក-ខណ្ឌ ដែលស្ថិតក្នុងមូលដ្ឋានរបស់បងប្អូនផ្ទាល់។ នេះជាការប្រកាសជូនដំណឹងរបស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា។

ទន្ទឹមគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈសារពិសេសផ្ញើជូនប្រជាពលរដ្ឋខ្មែរបានគូសបញ្ជាក់ថា ការការពារជាតិមាតុភូមិ និងបូរណភាពទឹកដី គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយបានអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមគាំទ្រផ្ដល់កម្លាំងចិត្ត និងជួយឱ្យយុវជនយល់ច្បាស់អំពីគោលបំណងនៃការអនុវត្តច្បាប់នេះ ដោយតម្លាភាព ស្មើភាព សម្រាប់យុវជនគ្រប់រូប។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយ៉ាងច្បាស់លាស់ថា កម្ពុជាបានប្ដេជ្ញាចិត្តចាប់ផ្ដើមអនុវត្តកាតព្វកិច្ចយោធាចាប់ពីឆ្នាំ២០២៦នេះតទៅ ដោយចាត់ទុកការបំពេញកាតព្វកិច្ចនេះជា «ការវិនិយោគលើការកសាងកម្លាំងការពារជាតិ និងការកសាងធនធានមនុស្ស» មិនមែនជាបន្ទុកនោះឡើយ។

ចំពោះលក្ខខណ្ឌអាយុ និងរយៈពេល៖ តម្រូវឱ្យប្រជាពលរដ្ឋខ្មែរជាបុរសដែលមានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ ត្រូវចូលបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ (២ ឆ្នាំ)។ ដោយឡែកសម្រាប់នារី គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។ ចំណែក អនុវត្តតាមពីររបៀប គឺការចូលរួមដោយស្ម័គ្រចិត្ត និងការជ្រើសរើសតាមរយៈការចាប់ឆ្នោត។ គិតត្រឹមថ្ងៃដំបូងនៃការបើកទទួលពាក្យ (ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦) មានយុវជនស្ម័គ្រចិត្តមកដាក់ពាក្យរហូតដល់ជិត ៣,០០០ នាក់។

យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានឹងទទួលបានប្រាក់ឧបត្ថម្ភ ៤០ ម៉ឺនរៀលក្នុងមួយខែ ព្រមទាំងទទួលបានរបបអាហារ ឯកសណ្ឋាន ការព្យាបាលជំងឺ និងការបណ្តុះបណ្តាលលើផ្នែកវិន័យ ឥរិយាបថ ភាពជាអ្នកដឹកនាំ ព្រមទាំងជំនាញចម្រុះ។ ក្រោយបញ្ចប់កាតព្វកិច្ច ក្រសួងការពារជាតិនឹងចេញលិខិតបញ្ជាក់ ដើម្បីជាអាទិភាពក្នុងការចូលបម្រើការងារ ឬបន្តការសិក្សា។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា ការយកយុវជនមកហ្វឹកហាត់រយៈពេល ២ ឆ្នាំនេះ មិនមែនយកមកបង្កកទុកចោលនោះទេ ប៉ុន្តែជាការ «ដាំក្នុងសាលាយោធា ហើយទទួលបានផ្លែផ្កានៅក្នុងសង្គមជាតិ» ដើម្បីឱ្យយុវជនក្លាយជាពលរដ្ឋរឹងមាំ និងមានទំនួលខុសត្រូវខ្ពស់៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia