ព័ត៌មាន
ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាឆ្នាំនេះ រកឃើញបេក្ខជនជ័យលាភីទទួលមេដាយមាស ប្រាក់ និងសំរឹទ្ធិចំនួន ៣១ មេដាយដែល នឹងត្រូវជ្រើសរើសតំណាងកម្ពុជា ទៅចូលរួមប្រកួតនៅក្រៅប្រទេសបន្តទៀត
(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការប្រកួតប្រជែងជំនាញ ជាការបញ្ចេញទេពកោសល្យ និងបង្កើតឱកាសជោគជ័យ!” នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ គណៈកម្មការរៀបចំ គណៈវិនិច្ឆ័យ ជំនាញការ លោកគ្រូអ្នកគ្រូ និងសិស្សនិស្សិតប្រមាណ ៥០០នាក់។
ការប្រកួតនេះបានរកឃើញបេក្ខជនជ័យលាភីឆ្នើមទទួលមេដាយមាសចំនួន ៨ មេដាយ, មេដាយប្រាក់ ៩ មេដាយ និងមេដាយសំរឹទ្ធិ ១៤ មេដាយ។
ថ្លែងទៅកាន់អង្គពិធី លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គណៈកម្មការរៀបចំ និងភាគីពាក់ព័ន្ធ ដែលបានខិតខំដឹកនាំ សម្របសម្រួល និងរៀបចំព្រឹត្តិការណ៍នេះយ៉ាងសកម្មរយៈពេល ៥ថ្ងៃកន្លងមក រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ លោកជំទាវបានអបអរសាទរចំពោះក្មួយៗទទួលជ័យលាភីពីកម្មវិធី ដែលពិតជាបង្ហាញទេពកោសល្យ សមត្ថភាព និងភាពច្នៃប្រឌិតលេចធ្លោ ស័ក្តិសមជាជ័យលាភីតំណាងឱ្យភាពប៉ិនប្រសប់ផ្នែកបច្ចេកទេសនិងវិជ្ជាជីវៈ ព្រមទាំងចាត់ទុកការប្រកួតប្រជែងនេះ ជា “បទពិសោធដ៏មានតម្លៃ ទុនសម្រាប់អភិវឌ្ឍខ្លួន និង ភាពជោគជ័យរួចជាស្រេច”។
ជាមួយគ្នានេះ លោកជំទាវមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែងផ្តល់អាទិភាពខ្ពស់លើ “ធនធានមនុស្ស” ក្នុងការអភិវឌ្ឍប្រទេស ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដែលមានចីរភាព និងបរិយាបន្ន ដែលមិនអាចខ្វះបានឡើយនូវកម្លាំងពលកម្មដែលមានគុណវុឌ្ឍិខ្ពស់ប្រកបដោយជំនាញរឹង (Hard Skills) ជំនាញទន់ (Soft Skills) និងក្រមសីលធម៌វិជ្ជាជីវៈ។ ជ័យលាភីនាថ្ងៃនេះ នឹងក្លាយជាមូលធនមនុស្សដ៏សំខាន់ ក្នុងការជួយផ្លាស់ប្តូរកម្លាំងពលកម្មកម្ពុជា ឱ្យទៅជាកម្លាំងពលកម្មជំនាញខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល។
លោកជំទាវបានគូសបញ្ជាក់ថា ជ័យជំនះនាថ្ងៃនេះ គឺជាការបើកឱកាសឱ្យក្មួយៗឈានទៅវាស់ស្ទង់សមត្ថភាពនៅលើឆាកអន្តរជាតិ។ ហេតុនេះ ដើម្បីត្រៀមខ្លួនឱ្យបានល្អប្រសើរបំផុត លោកជំទាវបានរផ្តាំផ្ញើបេក្ខជនឱ្យបន្តហ្វឹកហាត់ដោយឥតឈប់ឈរ ប្រកាន់ខ្ជាប់នូវស្មារតីតំណាងជាតិ ស្តាប់ការណែនាំរបស់អ្នកជំនាញ និងសិក្សាពីស្តង់ដាអន្តរជាតិជាដើម។
លោកជំទាវក៏បានលើកទឹកចិត្ដដល់គ្រឹះស្ថានសិក្សា វិស័យឯកជន និងអង្គការពាក់ព័ន្ធ បន្តគាំទ្រកម្មវិធីនេះ ក៏ដូចជាដល់ការហ្វឹកហាត់បំប៉នសមត្ថភាពបេក្ខជនជ័យលាភីឱ្យមានភាពស្ទាត់ជំនាញខ្ពស់ មុននឹងចេញទៅប្រកួតលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា កម្មវិធីនេះមានបេក្ខជនចូលរួមប្រកួតប្រជែងចំនួន ១១២នាក់ (នារី ២៩ រូប) មកពីគ្រឹះស្ថានចំនួន ២០ លើមុខជំនាញ ១២។ បេក្ខជនជ័យលាភីដែលទទួលបានមេដាយមាសទទួលបានប្រាក់រង្វាន់ចំនួនបីលានរៀល មេដាយប្រាក់ទទួលបានចំនួនពីរលានរៀល និងមេដាយសំរឹទ្ធិចំនួនមួយលានរៀល ហើយនឹងត្រូវជ្រើសរើសជាតំណាងកម្ពុជាទៅចូលរួមប្រកួតប្រជែងជំនាញក្នុងកម្រិតតំបន់អាស៊ាន អន្តរជាតិ និងពិភពលោកផងដែរ៕











-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ