ព័ត៌មាន
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
ភ្នំពេញ៖ ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីនកំពុងមានសន្ទុះកើនឡើង ដោយមានការដឹកជញ្ជូនអង្ករថ្មីចំនួន ២០.០០០តោន ដែលមានតម្លៃប្រហែល ១០,៧លានដុល្លារអាមេរិក កំពុងធ្វើដំណើរទៅកាន់កំពង់ផែចំនួនបួនរបស់ហ្វីលីពីន។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនផ្គត់ផ្គង់កម្ពុជា ដើម្បីពង្រីកការនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីនដែលជាទីផ្សារដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍។
ការដឹកជញ្ជូននេះធ្វើឡើងស្របពេលដែលមានការកើនឡើងយ៉ាងខ្លាំងនៃការលក់អង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន។ ជាក់ស្តែង កម្ពុជាបាននាំចេញអង្ករចំនួន ១៥៧.៥៥២តោនទៅកាន់ទីផ្សារនេះក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៦ ដោយបរិមាណដឹកជញ្ជូនប្រចាំខែបានកើនឡើងពី ១.៦២០តោនក្នុងខែមករា ដល់ ៣៥.៤៥០តោនក្នុងខែកញ្ញា។ នេះបើយោងតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។ ការដឹកជញ្ជូនចុងក្រោយនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Signature Rice ដោយមានការផ្ទុកអង្កររាប់ម៉ឺនបាវនៅកំពង់ផែពហុបំណងកំពត (Kampot Multipurpose Port) ដែលការដឹកជញ្ជូនមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែតុលា។
លោក ចាន់ ពេជ្រ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Signature Rice បានមានប្រសាសន៍ថា ហ្វីលីពីនគឺជាទីផ្សារអង្ករដ៏ធំមួយ ដែលលោកបានមើលឃើញឱកាសសម្រាប់អង្ករកម្ពុជាកាន់តែច្រើនជាងអ្វីដែលកម្ពុជាកំពុងនាំចេញសព្វថ្ងៃនេះ។ អ្វីដែលកំពុងកសាង គឺផ្លូវដឹកជញ្ជូនដែលអនុញ្ញាតឱ្យកម្ពុជាអាចដឹកជញ្ជូនអង្ករក្នុងបរិមាណកាន់តែច្រើនជាប្រចាំ និងក្នុងតម្លៃប្រកួតប្រជែង ដើម្បីឱ្យអង្ករកម្ពុជាអាចដណ្តើមយកចំណែកទីផ្សារបានកាន់តែច្រើន។ លោកបញ្ជាក់ថា៖ «គោលដៅគឺប្រែក្លាយពាណិជ្ជកម្មជាមួយហ្វីលីពីនឱ្យទៅជាទំនាក់ទំនងផ្គត់ផ្គង់រយៈពេលវែង និងទៀងទាត់ ជាជាងការដឹកជញ្ជូនដាច់ដោយឡែកពីគ្នា។យើងចង់កសាងសមត្ថភាពដើម្បីផ្គត់ផ្គង់ទីផ្សារនេះឱ្យបានជាប់លាប់ និងក្នុងបរិមាណច្រើន។ សម្រាប់កម្ពុជា ឱកាសនេះមិនមែនគ្រាន់តែជាការលក់អង្ករឱ្យបានច្រើនប៉ុណ្ណោះទេ ប៉ុន្តែគឺការបង្កើតខ្លួនជាអ្នកផ្គត់ផ្គង់រយៈពេលវែងដែលអាចទុកចិត្តបាន»។
ចំណុចសំខាន់មួយនៃការអភិវឌ្ឍនេះ គឺការប្រើប្រាស់ផ្លូវដឹកជញ្ជូនតាមផ្លូវសមុទ្រថ្មីដែលតភ្ជាប់កម្ពុជាដោយផ្ទាល់ទៅកាន់ទីផ្សារហ្វីលីពីន។ ផ្លូវនេះជួយកាត់បន្ថយរយៈពេលដឹកជញ្ជូនពីប្រហែល ២១ថ្ងៃ (សម្រាប់ការដឹកជញ្ជូនតាមកុងតឺន័រធម្មតា) មកនៅត្រឹមតែ ៥ ទៅ ៧ថ្ងៃប៉ុណ្ណោះ ព្រមទាំងអនុញ្ញាតឱ្យមានការដឹកជញ្ជូនបរិមាណអង្ករកាន់តែច្រើនក្នុងពេលតែមួយ។ ការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោននេះ មានតម្លៃ ៥៣៥ដុល្លារអាមេរិកក្នុងមួយតោន (តម្លៃ FOB) ដែលធ្វើឱ្យតម្លៃសរុបតាមលក្ខខណ្ឌ FOB មានចំនួនប្រហែល ១០,៧លានដុល្លារអាមេរិក។
ក្រុមហ៊ុន Signature Rice មានផែនការនាំចេញអង្ករចំនួន ៦០,០០០តោនទៅកាន់ប្រទេសហ្វីលីពីននៅត្រឹមដំណាច់ឆ្នាំ២០២៦ ដោយមានគោលដៅនាំចេញបន្ថែមចំនួន ៤០,០០០តោនទៀតនៅក្នុងខែវិច្ឆិកា និងខែធ្នូ ហើយក៏មានគោលបំណងបង្កើនការនាំចេញប្រចាំឆ្នាំទៅកាន់ទីផ្សារនេះឱ្យដល់ប្រហែល ១០០,០០០តោននៅឆ្នាំ២០២៧៕អត្ថបទ៖ ធូ វិរ






-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ