Connect with us

ព័ត៌មាន

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ

កណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រ ក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងឃុំកោះធំ លោក លោកស្រី អាជ្ញាធរមូលដ្ឋាន គ្រួសារវីរៈកងទ័ព និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនរូបទៀត។

សង្រ្គាមឈ្លានពានព្រំដែនរបស់ថៃមកលើកម្ពុជាជាង១ឆ្នាំមកនេះ បានញ៉ាំញីផ្លូវចិត្តរបស់ប្រជាពលរដ្ឋទូទាំងប្រទេស យើងឃើញថាការបាត់បង់ជីវិតទាហាន និងជនស៊ីវិល ការលំបាកវេទនារបស់ប្រជាពលរដ្ឋដែលត្រូវភៀសសឹក និងការខូចខាតប្រាសាទដែលជាព្រលឹងដូនតាមានអាយុពាន់ឆ្នាំ ព្រមទាំងការខូចខាតផ្ទះសំបែង អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បានរុញច្រានឱ្យដួងចិត្តរបស់ប្រជាពលរដ្ឋពោរពេញដោយទុក្ខសោក ក្តីអាណិតអាសូរ ការឈឺឆ្អាលចំពោះជនរួមឈាម និងប្រទេសជាតិរបស់ខ្លួន។

ឯកឧត្តមប្រធាន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់ពូមីង បងប្អូន ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ។

ជាចុងក្រោយ ឯកឧត្តមប្រធាន បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋចំពោះស្ថានភាពភ្លៀងធ្លាក់ជាបន្តបន្ទាប់ អាចមានជំនន់ទឹកភ្លៀង ឬទឹកទន្លេ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងថែទាំសុខភាព ជៀសវាងជំងឺឆ្លង និងគ្រោះថ្នាក់ ផ្សេងៗ ហើយក៏សូមផ្តាំផ្ញើអាជ្ញាធរមូលដ្ឋាន សូមផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋបានរស់នៅប្រកបដោយភាពសុខសាន្ត និងបង្កើតបរិយាកាសសន្តិសុខល្អប្រសើរសម្រាប់ការអភិវឌ្ឍជីវភាពរស់នៅ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia