ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ថ្លែងឱ្យដឹងថា បើយោងតាមសូចនាករសំខាន់ៗក្នុងពេលបច្ចុប្បន្ន វិស័យធនាគារនៅកម្ពុជា បាននិងកំពុងបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា ទោះបីវិបត្តិបានកើតឡើងផ្ទួនៗនៅក្នុងរយៈពេល៦ឆ្នាំ ចុងក្រោយនេះ ក៏ដោយ។
បណ្ឌិត ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុង “CamEd Banking Forum 2026” និងពិព័រណ៍ការងារ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ថា នៅក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ ពិភពលោក ក៏ដូចកម្ពុជាផ្ទាល់ បានជួបនិងវិបត្តិធំៗជាបន្តបន្ទាប់ ជាក់ស្តែងនៅចុងឆ្នាំ២០១៩ វិបត្តិនៃជំងឺកូវីដ-១៩ បានផ្ទុះឡើង, វិបត្តិនេះបានធ្វើ ឱ្យមានការប៉ះពាល់ដល់វិស័យធនាគារ ខណៈជីវភាពបងប្អូនប្រជាពលរដ្ឋជួបបញ្ហាប្រឈម។ ស្របពេលដែលជំងឺកូវីដ-១៩ បានធូរ ស្រាល សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែនក៏បានផ្ទុះឡើង ដោយបានដាក់បន្ទុកបន្ថែមទៀត និងបន្ទាប់មក, សហរដ្ឋអាមេរិកក៏បានដំឡើង អត្រាពន្ធបដិការគយ ដោយបង្កើតឱ្យមានផលប៉ះពាល់ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មជាអន្តរជាតិ។
លោកបណ្ឌិត បន្ថែមថា ក្រៅពីបញ្ហាខាងលើ កម្ពុជាក៏ជួបប្រទះនៃការរំលោភបំពានមកលើអធិបតេយ្យភាពជាតិ និងបូរណ ភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានបន្តជួបបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាមកលើបញ្ហាសេដ្ឋកិច្ច-សង្គម។ ក្រៅ ពីនេះសង្គ្រាមនៅមជ្ឈឹមបូព៌ា ក៏បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈនិងឧស្ម័នឡើងថ្លៃ ដោយបាននិងកំពុងបន្តមកដល់បច្ចុប្បន្ន។ ក្រៅពីនេះការ រីករាលដាលនៃឧក្រិដ្ឋកម្មសាយប័រដូចជា ការកើនឡើងនៃសកម្មភាពស្រមោល និងបទល្មើសបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបង្កជា ហានីភ័យដល់ប្រព័ន្ធធនាគារផងដែរ ដែលធ្វើឱ្យបាត់បង់ទំនុកចិត្តរបស់ប្រជាពលរដ្ឋជាដើម។
លោកបណ្ឌិតរូបនេះ បានសង្កត់ធ្ងន់ថា ទោះបីវិបត្តិបានកើតឡើងផ្ទួនៗនៅក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ ក៏វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា នៅក្នុងប្រព័ន្ធប្រតិបត្តិការហិញ្ញវត្ថុ ដោយក្នុងនោះធនាគារ ជាតិនៃកម្ពុជា បានគាំទ្រយ៉ាងសកម្ម ដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការចូលរួមចំណែករក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ និងជំរុញសេដ្ឋកិច្ច។
សូមបញ្ជាក់ថា ជុំវិញវិស័យធនាគារនេះ បើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា បាន បង្ហាញឱ្យដឹងថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ មានកំណើន ២,៥% ដល់ ៣៩៩,៣ ទ្រីលានរៀល ត្រូវជិត ១០០ ប៊ីលានដុល្លារ អាមេរិក ដែលក្នុងនោះឥណទានអតិថិជនកើនឡើង ៤,៦% ដល់ ២៥៦,៧ ទ្រីលានរៀល ត្រូវជាង ៦៤ ប៊ីលានដុល្លារអាមេរិក, ខណៈ ប្រាក់បញ្ញើអតិថិជនមានកំណើន ៤,៤% ដល់ ២៥៧,៤ ទ្រីលានរៀល ត្រូវជាង ៦៤ ប៊ីលានដុល្លារអាមេរិក និងដើមទុនមានកំណើន ៣% ដល់ ៤២ ទ្រីលានរៀល ត្រូវជាង ១០ ប៊ីលានដុល្លារអាមេរិក និងមានទុនបម្រុងអន្តរជាតិចំនួនប្រមាណ ២៥,៣ ប៊ីលានដុល្លារ អាមេរិក ដោយបរិមាណទុនបម្រុងអន្តរជាតិនេះ នៅរក្សាបានកម្រិតខ្ពស់គ្រប់គ្រាន់ ស្មើនឹង ៨ ខែ នៃការនាំចូលទំនិញ និងសេវា សម្រាប់គ្រាបន្ទាប់៕អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ