Connect with us

ព័ត៌មាន

សម្ដេចធិបតី៖ VECONAC ជាយន្តការតំបន់ដ៏មានឥទ្ធិពលរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ

ក្នុងឱកាស អញ្ជើញជាអធិបតីបើកមហាសន្និបាតសហព័ន្ធ អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ, សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងបញ្ជាក់ថា សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) គឺជាយន្តការតំបន់ដ៏មានឥទ្ធិពលដ៏សំខាន់មួយក្នុងការរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ប្រកបដោយចីរភាព។

ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា ការធ្វើជាប្រធានប្ដូរវេននៃសហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ាន សម្រាប់ឆ្នាំ២០២៦ គឺជាកិត្តិយសដ៏ធំធេងសម្រាប់សមាគមអតីតយុទ្ធជន និវត្តជនកម្ពុជា។ សន្និបាតនេះកើតឡើងចំពេលដ៏សំខាន់មួយ ខណៈដែលស្ថាប័នស្នូលរបស់កម្ពុជាសម្រាប់អតីតយុទ្ធជន និងនិវត្តជន បានបើកទំព័រថ្មីប្រកបដោយមោទកភាព ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន តាមរយៈកំណែទម្រង់រចនាសម្ព័ន្ធ ដែលពង្រីកវិសាលភាពរបស់សមាគម ដើម្បីរួមបញ្ចូលទាំងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការក្រោមដំបូលតែមួយ។

សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះ VECONAC ចាប់តាំងពីការបង្កើតឡើងតាំងពីឆ្នាំ១៩៨០ គឺជាស្ពានទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអង្គការ និងសមាគមអតីតយុទ្ធជនទូទាំងតំបន់អាស៊ាន។

សម្តេចធិបតីថ្លែងថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនូវកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ VECONAC លើកទី៣២ (EBM-32) និងមហាសន្និបាត VECONAC លើកទី១៩ ក្នុងឆ្នាំ២០១៩ ទទួលបានជោគជ័យដ៏ត្រចេះត្រចង់ ដែលបានលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់សហព័ន្ធរបស់យើង។ ការជួបជុំគ្នាសារជាថ្មីនៅលើទឹកដីរបស់កម្ពុជា គឺជាសក្ខីភាពនៃការបន្ត សាមគ្គីភាព និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់អតីតយុទ្ធជនក្នុងតំបន់។

សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានបន្តថា VECONAC មិនត្រឹមតែជាកម្លាំងមនុស្សធម៌ដ៏សំខាន់ ក្នុងការកែលម្អគុណភាពជីវិត សុខុមាលភាព និងការការពារសង្គមរបស់អតីតយុទ្ធជន និងជនពិការដោយសារសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាយន្តការក្នុងតំបន់ដ៏មានឥទ្ធិពល ក្នុងការរួមចំណែករក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា៖«ការដឹងគុណ ការមើលថែ និងការកែលម្អជីវភាពរស់នៅរបស់អតីតយុទ្ធជន និងយោធិនពិការ មិនមែនគ្រាន់តែជាកិច្ចការមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែគឺជាកាតព្វកិច្ចសីលធម៌ និងកតញូតាធម៌ជាតិ ដែលមនុស្សជំនាន់ក្រោយត្រូវតបស្នងចំពោះវីរជន និងរៀមច្បងគ្រប់រូប។ តាមពិតការដឹងគុណកតញូតាធម៌ចំពោះឪពុកម្ដាយ ជីដូនជីតា និងបុព្វបុរស គឺជាសីលធម៌ និងគុណតម្លៃដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌អាស៊ី រួមទាំងនៅកម្ពុជាផងដែរ»។

សូមជម្រាបថា សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៨០ និងបច្ចុប្បន្នមានសមាជិកសរុបចំនួន ១០ប្រទេស ដែលកំពុងបំពេញភារកិច្ចលើការងារអតីតយុទ្ធជនយ៉ាងសកម្មតាមបណ្តាប្រទេសរៀងៗខ្លួននៅក្នុងតំបន់។ ជាពិសេស មហាសន្និបាតលើកទី២៥នេះគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយទៀតក្នុងប្រវត្តិសាស្ត្ររបស់ VECONAC ដោយនឹងទទួលបញ្ចូល ក្រុមប្រឹក្សាអ្នកតស៊ូរំដោះជាតិនៃប្រទេសទីម័រឡេស្តេជាសមាជិកថ្មី ទី១១។ ការពង្រីកសមាជិកភាពនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការរីកចម្រើន និងការពង្រឹងតួនាទីរបស់ VECONAC ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីរួបរួម សាមគ្គីភាព និងការប្តេជ្ញាចិត្តរួមក្នុងការថែរក្សាតម្លៃនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់អតីតយុទ្ធជននៅទូទាំងតំបន់៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia