ព័ត៌មាន
យុវជនកាន់តែក្លាហានក្នុងការចូលបំពេញកាតព្វកិច្ចយោធា និងប្តេជ្ញាដាច់ខាតការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន
រាជធានីភ្នំពេញ៖ ក្រុមយុវជន យុវនារី កាន់តែមុះមុតក្នុងការចូលបំពេញកាតព្វកិច្ចយោធា និងប្តេជ្ញាដាច់ខាតក្នុងការការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន ។ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦នេះ គឺជាថ្ងៃទី៥ហើយ នៃដំណើរការផ្តល់ពាក្យជូនប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ សម្រាប់បំពេញពាក្យស្នើសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ ។

សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ ក្រោមការដឹកនាំចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ត្រីកងរាជអាវុធហត្ថតាមមូលដ្ឋានទាំង១៤ខណ្ឌ បានបន្តយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការរៀបចំទទួល និងផ្តល់ពាក្យជូនយុវជន យុវនារី ដែលមកពីតាមមូលដ្ឋានរស់នៅរបស់សមីខ្លួនពួកគេនីមួយៗ ។

យុវជនដែលនាំគ្នាទៅទទួលពាក្យចូលកាតព្វកិច្ចយោធា នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ បានបង្ហាញពីស្មារតីទទួលខុសត្រូវ ក្នុងនាមជាខ្មែរ ត្រូវតែបំពេញកាតព្វកិច្ចជាមួយប្រទេសជាតិ និងចាត់ទុកពេលវេលានេះ គឺជាឱកាសវិសេសវិសាល សម្រាប់ពួកគេបានចូលទៅលត់ដុំរៀនសូត្រជំនាញថ្មីបន្ថែម ដែលជាបទពិសោធន៍ថ្មីសម្រាប់ជីវិត ហើយក៏ជាមោទនភាពមួយដែលបានរួមចំណែកជាមួយការការពារបូរណភាពទឹកដីកម្ពុជា ពីរដ្ឋបរទេសដទៃណាដែលប៉ងឈ្លានពាន ។

ការចូលបំពេញកាតព្វកិច្ចនេះ ក្រុមយុវជនបញ្ជាក់ថា គឺជាជំហរស្ម័គ្រចិត្ត និងស្រលាញ់របស់ពួកគេផ្ទាល់ខ្លួននីមួយៗ ដោយមិនមានការបង្ខិតបង្ខំពីមជ្ឍដ្ឋានណាមួយឡើយ ពោលមានតែការលើកទឹកចិត្តបន្ថែមពីឪពុកម្តាយ អាណាព្យាបាល និងសមាជិកគ្រួសារ ជាដើម ។
យុវជន បន្ថែមថា ទឹកដីរបស់ខ្មែរ ត្រូវតែការពារ និងថែរក្សាឲ្យបាននៅគង់វង្ស ដោយកូនខ្មែរ មានឈាមជ័រជាខ្មែរ ពិសេសអ្នកបន្តវេនជំនាន់ក្រោយទាំងអស់ មិនអាចមានរដ្ឋបរទេសអ្នកដទៃណា គេសុខចិត្តមកការពារជំនួសយើងនោះឡើយ ។ ហើយទោះត្រូវលះបង់ដោយតម្លៃណាក៏ដោយ ក៏ក្រុមយុវជនមិនសោកស្តាយនោះឡើយ ឲ្យតែអាចនៅថែរក្សាការពារជាតិឲ្យនៅគង់វង្សបាន ព្រោះឲ្យគ្មានជាតិ ប្រជាជនក៏គ្មានអត្តសញ្ញាណសម្រាប់ការរស់នៅដែរ ។
គួរបញ្ជាក់ថា ការផ្តល់ពាក្យ សម្រាប់ការចូលបំពេញកាតព្វកិច្ចយោធា គឺធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថទាំង១៤ខណ្ឌ រៀងរាល់ម៉ោងធ្វើការ ទាំងពេលព្រឹក និងពេលថ្ងៃ ដោយពុំគិតថ្ងៃអាទិត្យនោះឡើយ ។
ហើយការទទួលពាក្យវិញ គឺធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពេលផ្តល់ពាក្យត្រឡប់ទៅមូលដ្ឋានកងរាជអាវុធហត្ថវិញ ពលរដ្ឋគ្រប់អាយុទាំង២ភេទ ត្រូវភ្ជាប់ទៅជាមួយឯកសារ៣ គឺ អត្តសញ្ញាបណ្ណ , សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ និងសំបុត្របញ្ជាក់កំណើត ឬសេចក្តីចម្លងសំបុត្រកំណើតដែលបញ្ជាក់ពីរដ្ឋបាលឃុំសង្កាត់ ៕ លីហេង





-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន7 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម