Connect with us

ព័ត៌មាន

កម្ពុជា-កូរ៉េ មានបំណងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម លើវិស័យធនធានទឹក ថាមពល និងបរិស្ថាន

ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមជ្ឈមណ្ឌលសាជីវកម្មធនធានទឹកកូរ៉េ (K-Water) បានបង្ហាញបំណងរបស់ខ្លួន ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម ជាមួយប្រទេស កម្ពុជា ជាពិសេសគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ក្នុងវិស័យធនធានទឹក ថាមពល និងបរិស្ថាន និងការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព និងចីរភាព ។

ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ នៅក្នុងឱកាសនៃការចូលរួមវេទិកា The 4th Mekong-Korea International Water Forum ក្រោមមូលបទ “Climate Resilience through Digital Water Management in the Mekong Region” កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានជួបពិភ្សាការងារទ្វេភាគីជាមួយលោកស្រី KIM Changsoon អគ្គនាយក នៃមជ្ឈមណ្ឌលសាជីវកម្មធនធានទឹកកូរ៉េ (K-Water) ។

ភាគីទាំងពីរ បានពិភាក្សាផ្តោតលើយន្តការនានា ក្នុងការពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និង K-Water ជាពិសេសគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ ក្នុងវិស័យធនធានទឹក ថាមពល និងបរិស្ថាន និងការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព និងចីរភាព។ ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាព និងទិសដៅបន្តនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ODA ព្រមទាំងសារៈសំខាន់ នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងចំណេះដឹងបច្ចេកទេសរបស់កូរ៉េ ដើម្បីគាំទ្រ ដល់ការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ។

លោកស្រី KIM Changsoon បានបញ្ជាក់អំពីការយកចិត្តទុកដាក់របស់ K-Water ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយភាគីកម្ពុជា ព្រមទាំងបានអញ្ជើញឯកអគ្គរាជទូតកម្ពុជា ទៅទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ K-Water នៅទីក្រុង Daejeon ក្នុងពេលសមស្របណាមួយ ដើម្បីស្វែងយល់បន្ថែមអំពីសកម្មភាព និងបទពិសោធន៍របស់ K-Water ព្រមទាំងពិភាក្សាអំពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ នាពេលអនាគត ។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា បានសម្តែងការអបអរសាទរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និង K-Water ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់លើវិស័យធនធានទឹក ។ ក្នុងន័យនេះ ឯកឧត្តម ឃួន ផុនរតនៈ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ODA ដោយផ្តោតលើការផ្ទេរចំណេះដឹង បច្ចេកវិទ្យា ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងការបង្កើននូវសមត្ថភាពធនធានមនុស្សរបស់កម្ពុជា។

ជាមួយគ្នានោះ ភាគីទាំងពីរ ក៏បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងភាពជាដៃគូអភិវឌ្ឍន៍រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងឱកាស សម្រាប់ស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗ ដែលអាចរួមចំណែកដល់ការលើកកម្ពស់សមត្ថភាព របស់កម្ពុជាក្នុងការគ្រប់គ្រងធនធានទឹក ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធនធានទឹកប្រកបដោយចីរភាព ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia