ព័ត៌មាន
អភិបាលរាជធានីភ្នំពេញជួបពិភាក្សាការងារជាមួយអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរ
ទីក្រុងហូជីមិញ ៖ ក្នុងឱកាសបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ត្រាន់ វ៉ាន់បាយ (Tran Van Bay) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅសាលាក្រុងហូជីមិញ។

នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងពីទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។
លោកស្រីបន្តថា ក្នុងជំនួបនេះ ឯកឧត្តម ឃួង ស្រេង បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំទីក្រុងហូជីមិញ សម្រាប់ការទទួលបដិសណ្ឋាកិច្ចបានយ៉ាងល្អប្រសើរក្នុងឱកាសដំណើរបំពេញទស្សនកិច្ចការងាររបស់គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដ៏មានអត្ថន័យនាពេលនេះ និងបានសម្តែងនូវការអបអរសាទរ និងកោតសរសើរជូនចំពោះថ្នាក់ដឹកនាំទីក្រុងហូជីមិញទាំងអស់សម្រាប់ការអភិវឌ្ឍ និងសមិទ្ធផលថ្មីៗជាច្រើនដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានធ្វើឲ្យទីក្រុងនេះ មានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យគួរឲ្យស្ងើចសរសើរ។
អ្នកនាំពាក្យបន្ថែមថា ក្នុងនាមជាទីក្រុងសម្ព័ន្ធមេត្រីភាព ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានជម្រាបជូនឯកឧត្តមអនុប្រធាន និងសហការីអំពីស្ថានភាពការអភិវឌ្ឍរាជធានីភ្នំពេញដែលកើតចេញពីមនុញ្ញផលនៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលត្រូវបានស្តារ និងកសាងឡើងក្រោមគតិបណ្ឌិតដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាមរយៈការដាក់ចេញ និងអនុវត្តប្រកបដោយភាពជោគជ័យបំផុតនៃនយោបាយឈ្នះ-ឈ្នះ ដែលបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោយការឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃអស់រយៈពេលជាច្រើនរយឆ្នាំកន្លងមក ហើយបច្ចុប្បន្នមរតកដ៏វិសេសថ្លៃថ្លានេះបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតដែលបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើន និងអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ជាពិសេសគឺបានផ្តល់នូវបរិយាកាសសង្គមដែលប្រកបដោយភាពសុខុដុមរមនា មានសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ក្រោមការបន្តពូនជ្រុំថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុតដោយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ សមត្ថភាព ថាមពល និងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងការនាំយកនាវាកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
លោកស្រីអ្នកនាំពាក្យបញ្ជាក់ថា ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញជាពេលនេះ គឺធ្វើឡើងក្នុងឆ្នាំមិត្តភាពខួបលើកទី៥៩ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងដើម្បីអបអរសាទរខួបលើក២២ នៃការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។ តាមរយៈការភ្ជាប់ទំនាក់ទំនងប្រទេសទាំងពីរ ពិតជាបាននាំនូវគុណប្រយោជន៍សម្រាប់ប្រទេសជាតិ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង”។ សម្រាប់ក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ កន្លងមកតែងមានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់កម្រិតជាតិ និងកម្រិតទីក្រុងរវាងគ្នាទៅវិញទៅមក ព្រមទាំងបានរួមគ្នាកសាងនូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។ ឆ្លៀតក្នុងឱកាសដ៏ល្អនេះ ឯកឧត្តមអភិបាលក៏បានអញ្ជើញឯកឧត្តមអនុប្រធាន និងសហការីដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញក្នុងពេលវេលាសមស្របណាមួយផងដែរ។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ទៀតថា ក្នុងជំនួបនោះជាការឆ្លើយតប ឯកឧត្តម ត្រាន់ វ៉ាន់បាយ (Tran Van Bay) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានសម្តែងនូវការអបអរសាទរចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលទើបបានធ្វើឡើងរវាងរដ្ឋបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ។ ឯកឧត្តមបានបន្តថា ក្នុងករណីមានបញ្ហាអ្វីកើតឡើងក្នុងអំឡុងពេលអនុវត្តគម្រោងសាងសង់ សាលាក្រុងហូជីមិញបានត្រៀមខ្លួនរួចរាល់ក្នុងការជួយសម្របសម្រួល ធ្វើយ៉ាងណាឱ្យគម្រោងអាចដំណើរការទៅបានដោយរលូនតាមការគ្រោងទុក។ ក្នុងឱកាសនៃជំនួបនេះផងដែរ ឯកឧត្តមអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញក៏បានជម្រាបជូនសមភាគីកម្ពុជា អំពីការរីកចម្រើននានា ទាំងវិស័យសេដ្ឋកិច្ច ទេសចរណ៍ ប៉ុន្តែទីក្រុងហូជីមិញក៏កំពុងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនរួមមាន បញ្ហាចរាចរណ៍ គ្រោះទឹកជំនន់ ការបំពុលបរិស្ថាន និងបញ្ហាគ្រឿងញៀនជាដើម ដែលថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់បាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយរួមគ្នា ក្រោយការធ្វើសមហរណកម្មតួនាទីភារកិច្ច និងការទទួលខុសត្រូវពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិរួចមក។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នាឱកាសនោះ ឯកឧត្តមក៏បានប្រគល់នូវលិខិតអញ្ជើញផ្លូវការរបស់ឯកឧត្តមប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញជូនឯកឧត្តម ឃួង ស្រេង ដើម្បីអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ២០២៦ ស្តីពីការរួមបញ្ចូលគ្នានៃចលករសេដ្ឋកិច្ចសកលថ្មី ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការក្នុងយុគសម័យថ្មី” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ខាងមុខ ហើយកម្មវិធីដ៏មានសារសំខាន់នឹងមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូសហប្រតិបត្តិការ អ្នកជំនាញការ ព្រមទាំងក្រុមហ៊ុនធំៗ សរុបប្រមាណជាង ១.៥០០នាក់ផងដែរ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា



-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម