ព័ត៌មាន
អន្តរក្រសួង សាទរលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពី TVET ឆ្នាំ២០២៦-២០៣៥ ដែលមានភាពគ្រប់ជ្រុងជ្រោយ និងភាពប្រទាក់ក្រឡាគ្នាក្នុងការកសាងកម្លាំងពលកម្ម មានជំនាញ សម្បទាការងារបត់បែន
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTVET) ឆ្នាំ២០២៦-២០៣៥ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
កិច្ចប្រជុំនេះ ទទួលបានធាតុចូល និងការគាំទ្របន្ថែមទៀតពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន លើសេចក្តីព្រាងគោលនយោបាយនេះឱ្យកាន់តែមានគុណភាព សង្គតិភាព ភាពគ្រប់ជ្រុងជ្រោយ និងភាពប្រទាក់ក្រឡាគ្នា ដើម្បីគោរពជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ កែសម្រួល និងដាក់ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងអនុម័តដាក់ឱ្យប្រើប្រាស់។
ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីការបន្តអភិវឌ្ឍគោលនយោបាយ និងដើរតួនាទីជាមាគ៌ាដ៏សំខាន់ក្នុងការកសាង “មូលធនមនុស្ស” ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងគោលនយោបាយជាតិពាក់ព័ន្ធសំខាន់ៗ ដើម្បីចូលរួម សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៦-២០៣៥ មានចក្ខុវិស័យកសាងកម្លាំងពលកម្ម ដែលមានជំនាញ សម្បទាការងារ និងសម្បទាបត់បែន ដោយឆ្លើយតបទៅនឹងការប្រែប្រួលតម្រូវការទីផ្សារការងារ ប្រកបដោយភាពធន់ និងបរិយាបន្ន ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច លើកកម្ពស់ភាពប្រកួតប្រជែងជាតិ បង្កើតការងារសមរម្យ និងបង្កើនប្រាក់ចំណូល។
ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងសូមអរគុណចំពោះការផ្តល់យោបល់ និងអនុសាសន៍ប្រកបដោយអត្ថន័យខ្លឹមសារទាំងអស់ដែលបានលើកឡើងក្នុងអង្គប្រជុំយ៉ាងសកម្ម និងផុលផុស ក្នុងការធ្វើយ៉ាងណាឱ្យគោលនយោបាយជាតិរបស់យើងអាចសម្រេចបានគោលបំណងពេញលេញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានគុណភាព ភាពឆ្លើយតប បរិយាបន្ន និងការតម្រង់ទិសទៅអនាគត តាមរយៈការពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋគ្រប់រូបពេញមួយជីវិត ស្របតាមបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង និងតម្រូវការសង្គម-សេដ្ឋកិច្ច ក្នុងបរិបទនៃការប្រែប្រួលទីផ្សារការងារ។
ជារួមអង្គប្រជុំបានអបអរសាទរ និងគាំទ្រលើសេចក្តីព្រាងគោលនយោបាយដែលក្រសួងបានរៀបចំឡើង តាមចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ត្រ និងវិធានការ និងអង្គភាពទទួលខុសត្រូវ ព្រមទាំងបានទទួលយកធាតុចូលមួយចំនួនក្នុងអង្គប្រជុំនិងបន្តទទួលយកបន្ថែមទៀតក្រោយអង្គប្រជុំ ដើម្បីកែលម្អសេចក្តីព្រាងគោលនយោបាយនេះឱ្យកាន់តែល្អប្រសើរ មានភាពស៊ីចង្វាក់គ្នា និងអាចអនុវត្តបាន៕







-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម