ព័ត៌មាន
កម្ពុជា-វៀតណាមចុះហត្ថលេខាអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម”
ទីក្រុងហូជីមិញ ៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ត្រូវបានចុះហត្ថលេខា នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
នេះបើយោងតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញពីទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។
លោកស្រី ដោ សម្ផស្ស បានបន្តថា ឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន បានគូសបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានសម្រេចផ្តល់អំណោយនូវគម្រោងសាង់សង់អគារថ្មី និងការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ក្នុងបរិវេណ “សាលាមិត្តភាពកម្ពុជា-វៀតណាម” រួមមាន ការសាងសង់បន្ទប់សិក្សាថ្មីចំនួន ៨០បន្ទប់ បន្ទប់ពិសោធន៍ចំនួនមួយបន្ទប់ និងបន្ទប់កុំព្យូទ័រចំនួនមួយបន្ទប់ សម្រាប់សាលាបឋមសិក្សា និងសាងសង់បន្ទប់សិក្សាថ្មីចំនួន ២៤បន្ទប់ បន្ទប់ពិសោធន៍ចំនួនមួយបន្ទប់ បន្ទប់កុំព្យូទ័រចំនួនមួយបន្ទប់ សម្រាប់សាលាអនុវិទ្យាល័យ ហើយនឹងជួសជុលបន្ទប់រៀនដែលមានស្រាប់ចំនួន ១៥បន្ទប់នៅក្នុងអគារសម្តេចតេជោ សាងសង់អគារកីឡាពហុបំណងចំនួនមួយ និងអគាររដ្ឋបាលរួមចំនួនមួយ សម្រាប់សាលាទាំងពីរថ្នាក់ ព្រមទាំងបំពាក់សម្ភារបរិក្ខារចាំបាច់មួយចំនួនទៀតសម្រាប់បម្រើដល់ការបង្រៀន និងរៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង ៥,៥០០នាក់។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបន្ថែមថា នាឱកាសនោះ ឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ បានបញ្ជាក់ថា គម្រោងនេះនឹងប្រើប្រាស់ថវិកាសរុបចំនួន ៨លានដុល្លាអាមេរិច និងមានរយៈពេលសាងសង់ប្រមាណ១ឆ្នាំ ដែលបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញជាអ្នកទទួលបន្ទុកសាងសង់។ ជាមួយគ្នាដែរ ដើម្បីឱ្យគម្រោងអាចដំណើរការទៅដោយរលូន ឧត្តមសេនីយ៍ត្រីក៏បានស្នើសុំការសម្របសម្រួលពីរដ្ឋបាលរាជធានីភ្នំពេញលើការងារចាំបាច់មួយចំនួនផងដែរ។
លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ថា ជាកិច្ចឆ្លើយតបឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសិទ្ធិប្រទាន បានជម្រាបជូនឯកឧត្តមឧត្តមសេនីយ៍ត្រីថា រដ្ឋបាលរាជធានីភ្នំពេញបានបំពេញការងារចាំបាច់មួយចំនួនរួមមាន ការរុះរើអគារចាស់ ការរៀបចំការដ្ឋាន ការតប្រព័ន្ធទឹកភ្លើង និងកិច្ចការសំខាន់ៗមួយចំនួនទៀតរួចរាល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ដំណើរការអនុវត្តគម្រោងសាងសង់នេះ។ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ជួយជំរុញឱ្យដំណើរការនៃការអនុវត្តគម្រោងអាចប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក។
លោកស្រី ដោ សម្ផស្ស បានបន្តថា ឆ្លៀតក្នុងឱកាសនៃជំនួបនេះដែរ ឯកឧត្តមអភិបាលក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុ ក្ខ សេចក្តីនឹករលឹក និងអំណរសាទរយ៉ាងថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំព្រះរាជាណាចក្រកម្ពុជាគ្រប់លំដាប់ថ្នាក់ជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថ្នាក់ដឹកនាំ និងនាយទាហានទាំងអស់នៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញក្នុងឱកាសអបអរសាទរខួបលើកទី៨១ នៃទិវាបុណ្យជាតិវៀតណាម ដែល បានប្រារព្ធឡើងកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅនេះ ដើម្បីរំលឹកដល់ថ្ងៃប្រវត្តិសាស្ត្រនៃការទទួលបាននូវឯករាជ្យភាពរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាពេលវេលាដ៏មានសារៈសំខាន់ បញ្ជាក់ពីគំរូវីរភាពដ៏អង់អាចរបស់ថ្នាក់ដឹកនាំ និងនាយទាហានវៀតណាមគ្រប់ជាន់ថ្នាក់ក្នុងការថែរក្សាការពារនូវឯករាជ្យភាព និងអធិបតេយ្យភាពសម្រាប់ប្រទេស និងប្រជាជាតិរបស់ខ្លួន។
លោកស្រីបន្ថែមថា ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ដែលបានជួយសម្របសម្រួល និងផ្តល់នូវជំនួយសាងសង់សាលារៀនប្រកបដោយស្តង់ដារខ្ពស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំនៅព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែមានភាពសម្បូរបែបបន្ថែមទៀត។ “សាលាមិត្តភាពកម្ពុជា–វៀតណាម” គឺមិនត្រឹមតែបានរួមចំណែកបម្រើដល់វិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាព មិត្តភាព ទឹកចិត្តគោរពស្រឡាញ់រាប់អានការផ្តល់តម្លៃឱ្យគ្នា និងកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងនាមជាប្រទេសជិតខាង និងជាបងប្អូនល្អស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរឹងមាំយូរអង្វែង”។
សូមបញ្ជាក់ជូនថា គម្រោងសាងសង់អគារសិក្សានេះត្រូវបានចុះបឋមសិលាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាចក្រកម្ពុជា និងឯកឧត្តម តូ ឡឹម អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាកាលពីដើមឆ្នាំ២០២៦ កន្លងមកនេះ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា








-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship