ព័ត៌មាន
យុវជនចាត់ទុកពេល២ឆ្នាំនៃការចូលកាតព្វកិច្ចយោធាជាការពង្រឹងសមត្ថភាព និងរួមចំណែកការពារជាតិ
ភ្នំពេញ៖ យុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា បានចាត់ទុកពេល២ឆ្នាំ នៃការចូលកាតព្វកិច្ច គឺជាការដុះខាត់ពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងរួមចំណែកការពារប្រទេសជាតិពីរដ្ឋបរទេសឈ្លានពានផង។
សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ ក្រោមការដឹកនាំចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ត្រីកងរាជអាវុធហត្ថតាមមូលដ្ឋានទាំង១៤ខណ្ឌ បានបន្តយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការរៀបចំទទួល និងផ្តល់ពាក្យជូនយុវជន យុវនារី ដែលមកពីតាមមូលដ្ឋានរស់នៅរបស់សមីខ្លួនពួកគេនីមួយៗ ។
នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ គឺជាថ្ងៃទី៦ហើយ នៃដំណើរការផ្តល់ពាក្យជូនប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ សម្រាប់បំពេញពាក្យស្នើសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ ។
ជាក់ស្តែងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក ព្រុំ ស័ក្តា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ សម្រាប់ព្រឹកថ្ងៃខែដដែលនេះ ក្រុមយុវជន យុវនារី បានបន្តនាំគ្នាទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា ជាបន្តបន្ទាប់ ដោយក្រុមការងារមន្ត្រី បានរៀបចំទទួលដោយយកចិត្តទុកដាក់ និងណែនាំពីការត្រូវបំពេញ និងកាលបរិច្ឆេត ត្រូវយកត្រឡប់មកប្រគល់ជូន គណៈកម្មាធិការកាតព្វកិច្ចយោធា វិញផងដែរ ។
យុវជន បង្ហាញស្មារតី និងជំហរការពារជាតិមិនរារ៉េ និងហ៊ានលះបង់ប្តូរផ្តាច់សូម្បីអាយុជីវិត ដើម្បីរួមចំណែកជាមួយការការពារប្រទេសជាតិ ពីឈ្លានទឹកបូរណភាពទឹកដីជាតិ ពីរដ្ឋបរទេស ព្រោះប្រទេសជាតិ គឺត្រូវតែការពារដោយអ្នកបន្តវេនជំនាន់ក្រោយ ដោយគ្មានហេតុផលគេចវេសដាច់ខាត ។
ច្បាប់កាតព្វកិច្ចយោធាដដែល បានបំពេញក្តីស្រមៃរបស់យុវតីស្ម័គ្រចិត្តមួយរូបទៀត ដែលបានស្រលាញ់ និងមានបំណងប្រាថ្នាចង់ចូលរួមបម្រើការងារក្នុងវិស័យការពារជាតិ តាំងពីនៅសិក្សាថ្នាក់វិទ្យាល័យ ។ នាងចាត់ទុកថា នារីភេទក៏អាចមានសមត្ថភាពក្នុងការរួមចំណែកជួយការពារដូចបុរសផងដែរ និងថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបានបើកឱកាសយ៉ាងទូលាយសម្រាប់អ្នកស្ម័គ្រចង់បម្រើជាតិពិតប្រាកដ ទោះបីជានារី ។
ឪពុកយុវជនស្ម័គ្រចិត្ត ពេញចិត្ត និងគាំទ្រពេញទំហឹង ចំពោះច្បាប់កាតព្វកិច្ចយោធា ដែលបានបើកឱកាសឲ្យកូនៗរបស់គាត់ អាចរួមចំណែកការពារជាតិ ហើយក្នុងនាមជាអាណាព្យាបាល មានតែការលើកទឹកចិត្ត និងជម្រុញជានិច្ច ក្នុងការអនុញ្ញាតឲ្យកូនៗ និងសាច់ញាតិដែលគ្រប់អាយុ ឆាប់ចូលទៅបំពេញកាតព្វកិច្ច ។
គួរបញ្ជាក់ថា ៖ ការផ្តល់ពាក្យ សម្រាប់ការចូលបំពេញកាតព្វកិច្ចយោធា គឺធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថទាំង១៤ខណ្ឌ រៀងរាល់ម៉ោងធ្វើការ ទាំងពេលព្រឹក និងពេលថ្ងៃ ដោយពុំគិតថ្ងៃអាទិត្យនោះឡើយ ។
ហើយការទទួលពាក្យវិញ គឺធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពេលផ្តល់ពាក្យត្រឡប់ទៅមូលដ្ឋានកងរាជអាវុធហត្ថវិញ ពលរដ្ឋគ្រប់អាយុទាំង២ភេទ ត្រូវភ្ជាប់ទៅជាមួយឯកសារ៣ គឺ អត្តសញ្ញាបណ្ណ , សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ និងសំបុត្របញ្ជាក់កំណើត ឬសេចក្តីចម្លងសំបុត្រកំណើតដែលបញ្ជាក់ពីរដ្ឋបាលឃុំសង្កាត់ ៕ លីហេង






-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship