Connect with us

ព័ត៌មាន

គ.ជ.ប ប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធពីការចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ឃុំ-សង្កាត់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និង​ការ​ចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នីតិវិធីចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀប​ចំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ជា​មួយ​ភាគី​ពាក់​ព័ន្ធ ស្តីពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នីតិ​វិធី​ចុះ​ឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ និងការបញ្ចូនទិន្នន័យមក គ.ជ.ប ការដាក់ ការទទួល និង​ការ​ដោះ​ស្រាយពាក្យបណ្ដឹងទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត និងលទ្ធផល​បណ្តោះអា​សន្ន​នៃ​ការ​ចែក​លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥។

ឯកឧត្តម មាន សទិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបញ្ជាក់ថា កិច្ច​ប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះ​ឆ្នោត​ឆ្នាំ​២០២៦ គឺដើម្បីចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ មានរយៈពេល ៥៥ថ្ងៃ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ឯកឧត្តម ហង់ ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានប្រាប់​BTV​ កិច្ចប្រជុំថ្ងៃនេះ ប្រៀបដូចជាកាក្រើនរំលឹកដល់ប្រជាពលរដ្ឋទំាងអស់ ត្រូវត្រៀមខ្លួន ដើម្បី​អញ្ជើញ​ទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ និងការបច្ចុប្បន្នភាព នៃ​ទិន្នន័យជីវប្រវត្តិ និងជវីមាត្រ ដែលសំដៅ​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះបោះ​ឆ្នោត​ហើយ​រយៈ​ពេល​យ៉ាងហោច១០ឆ្នាំ (២០១៦-២០១៧) គឺត្រូវទៅថតរូប និងផ្ដិតស្នាមខ្ចៅដៃសារថ្មី ព្រោះ​ថា​ជាលក្ខណៈធម្មជាតិ សរីរាង្គខ្លះមានការប្រែប្រួលក្នុងរយៈពេល១០ឆ្នាំ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតកាលពីឆ្នាំ២០២៥ ជាង១០​លាន​នាក់ ហើយនៅពេលប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះបោះឆ្នោត សម្រាប់ពលរដ្ឋដែលគ្រប់អាយុ នឹង​​ធ្វើ​ឱ្យចំនួននេះ អាចកើនឡើងថែមទៀត ដូចនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ស្នើឱ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ គឺ​មានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និង​បច្ចុប្បន្ន​ភាព​ប្រកប​ដោយ​សុវត្ថិភាព តាមរយៈការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោតដែលបានទទួលមរណភាព, អ្នក​ដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន, អ្នកបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ-សង្កាត់​ផ្សេង ដោយត្រូវមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ទើប​ចុះ​ឈ្មោះ​បោះឆ្នោត​ជូនប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោតនាថ្ងៃទី៦ខែមិថុនា ឆ្នាំ​២០២៧ (កើតមុន ឬត្រឹម ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩) ដែលមិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោ​ត​ពី​មុន​មក​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia