ព័ត៌មាន
EAMU និង University of Newcastle ចុះហត្ថលេខាលើភាពជាដៃគូដើម្បីពង្រីកឱកាសសិក្សាកម្រិតអន្តរជាតិ
ភ្នំពេញ៖ សាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា(EAMU) កម្ពុជា និងសាកលវិទ្យាល័យ Newcastle នៃប្រទេសអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងគោលបំណងពង្រីកឱកាសសិក្សាកម្រិតអន្តរជាតិសម្រាប់និស្សិតកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការផ្នែកសិក្សា, ការផ្តល់ជូននិស្សិតនូវជម្រើសការសិក្សាផ្នែកខ្លះនៅកម្ពុជា និងបន្តបញ្ចប់នៅអូស្រ្តាលី, ការផ្លាស់ប្តូរការសិក្សារបស់និស្សិត និងបង្កើតឱកាសក្នុងការផ្តល់សញ្ញាបត្រ២ (Dual Degree) នាពេលខាងមុខ។

លោកសាស្ត្រាចារ្យ James Chua សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា(EAMU) បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះគឺជាជំហានដ៏សំខាន់មួយសម្រាប់ EAMU និងជាឧទាហរណ៍ដ៏មានអត្ថន័យសបញ្ជាក់ពីសារៈសំខាន់នៃតួនាទីភាពជាដៃគូអន្តរជាតិ ក្នុងការអភិវឌ្ឍវិស័យឧត្តមសិក្សានៅក្នុងប្រទេសកម្ពុជា។ សម្រាប់ EAMU កម្ពុជា នេះគឺជាចំណុចស្នូលនៃចក្ខុវិស័យរបស់សាកលវិទ្យាល័យ។
លោកមានប្រសាសន៍ថា៖ « យើងចង់ឱ្យនិស្សិតកម្ពុជាទទួលបានការអប់រំដែលមានស្តង់ដារអន្តរជាតិ ខណៈពេលដែលពួកគេចាប់ផ្តើមការសិក្សានៅក្នុងប្រទេស។ តាមរយៈភាពជាដៃគូជាមួយសាកលវិទ្យាល័យនៅបរទេស និស្សិតអាចជ្រើសរើសជម្រើសសិក្សាផ្សេងៗគ្នាស្របតាមបំណងប្រាថ្នា និងស្ថានភាពរបស់ពួកគេ ដូចជា ការចាប់ផ្តើមការសិក្សានៅក្នុងប្រទេសកម្ពុជា និងការបន្តទៅបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដៃគូនៅបរទេស ឬការរួមបញ្ចូលគ្នានូវបទពិសោធន៍សិក្សាទាំងក្នុងស្រុក និងអន្តរជាតិ»។
ចំណែក លោកបណ្ឌិត Alek Voninski សាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Newcastle ប្រទេសអូស្ត្រាលី បានលើកឡើងថា នេះគឺជាឱកាសដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការ ហើយភាពជាដៃគូរវាងសាកលវិទ្យាល័យ Newcastle និងសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា (EAMU) គួរត្រូវបានចាត់ទុកថាជាស្ពានតភ្ជាប់រវាងស្ថាប័នទាំងពីរ។ សម្រាប់ Newcastle ភាពជាដៃគូនេះនឹងបង្កើតជាមូលដ្ឋានសម្រាប់ស្វែងយល់កាន់តែច្បាស់អំពីបរិបទក្នុងស្រុក ឆ្លើយតបទៅនឹងតម្រូវការរបស់និស្សិត និងវិស័យឧស្សាហកម្ម ព្រមទាំង ស្វែងយល់ពីលំនាំនៃការអប់រំដែលមានភាពងាយស្រួលក្នុងការទទួលបានការសិក្សាប្រកបដោយភាពសមស្រប និងទាក់ទាញសម្រាប់និស្សិតកម្ពុជា។
លោកមានប្រសាសន៍ថា៖ «យើងនឹងមានឱកាសពង្រីកកិច្ចសហការក្នុងការផ្តល់ការអប់រំ និងការអប់រំឆ្លងដែន ជាពិសេស ក្នុងជំនាញដែលមានតម្រូវការការងារខ្ពស់។ កម្ពុជាកំពុងមើលឃើញការកើនឡើងនៃចំណាប់អារម្មណ៍លើកម្មវិធីសិក្សាដែលផ្តល់សញ្ញាបត្រអន្តរជាតិនៅក្នុងប្រទេស ព្រោះ កម្មវិធីទាំងនេះអាចផ្តល់ឱកាសដល់និស្សិតក្នុងការទទួលបានការអប់រំអន្តរជាតិក្នុងតម្លៃសមរម្យជាងការទៅសិក្សានៅក្រៅប្រទេសទាំងស្រុង។ យើងទន្ទឹងរង់ចាំកិច្ចពិភាក្សាអំពីអ្វីដែលសាកលវិទ្យាល័យ Newcastle និង EAMU អាចរួមគ្នាកសាងឡើងនាពេលអនាគត»។
កម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព និងមានការចូលរួមធ្វើជាសាក្សីពីឯកឧត្តម Steven Pang ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា។
គួបញ្ជាក់ផងដែរថា សាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា (EAMU) ជាសាកលវិទ្យាល័យអន្តរជាតិ មានដើមកំណើតពីសឹង្ហបុរី ផ្តល់គុណភាពអប់រំខ្ពស់ កម្មវិធីសិក្សាសមស្របនឹងទីផ្សាការងារ កម្រិតជាតិ និងអន្តរជាតិ ។ និស្សិត EAMU មានជម្រើសក្នុងការផ្លាស់ប្តូរ និងបញ្ចប់ការសិក្សានៅ សឹង្ហបុរី ចក្រភពអង់គ្លេស និងអូស្ត្រាលី៕ អត្ថបទ៖ ធូ វិរៈ



-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន