Connect with us

ព័ត៌មាន

សម្ដេចតេជោ សង្ឃឹម យុវជនកម្ពុជា-ឡាវ រួមសាមគ្គី និងបន្តចែករំលែកផ្លាស់ប្ដូរទស្សនៈគ្នា គ្រប់វិស័យ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថងលី ស៊ីសូលីត អគ្គលេខាធិការ នៃលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នារសៀលថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ សម្ដេចតេជោសង្ឃឹមថា យុវជនកម្ពុជា និងយុវជនឡាវនឹងរួមសាមគ្គីគ្នា និងបន្តនូវការចែករំលែកផ្លាស់ប្ដូរយោបល់ និងទស្សនៈគ្នាទៅវិញទៅមក គ្រប់វិស័យ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមថងលី ស៊ីសូលីតនិងប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ សម្ដេច ចាត់ទុកដំណើរទស្សនៈកិច្ចនេះ ក៏ជាផ្នែកមួយនៃជំរុញទំនាក់ទំនងរវាងកម្ពុជា និងឡាវឲ្យកាន់តែរីកចម្រើន ខណៈឆ្នាំនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានដល់ខួប ៧០ឆ្នាំ។ សម្ដេចបានបញ្ជាក់ថា ប្រទេសកម្ពុជា និងឡាវ មានទំនាក់ទំនង មិនត្រឹមតែជាអ្នកជិតខាងគ្នាប៉ុណ្ណោះទេ ប៉ុន្តែជាទំនាក់ទំនងបងប្អូនល្អជាមួយគ្នាថែមទៀតផង។

នៅក្នុងឱកាសនោះ ឯកឧត្តម ថងលី ស៊ីសូលីត បានអរគុណសម្ដេចតេជោបានអនុញ្ញាតឲ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានរាយការណ៍ជូនសម្ដេចតេជោ អំពីលទ្ធផលនៃដំណើរទស្សនកិចរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានជួបជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាជាបន្តបន្ទាប់ ជាពិសេសជួបជាមួយនឹង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា ជួបជាមួយនឹង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជាដើមដែលបានជជែកពីការផ្លាស់ប្ដូរយោបល់គ្នាក្នុងការពង្រឹងនូវកិច្ចការរវាងយុវជននៃប្រទេសទាំងពីឲ្យកាន់តែផុសផុលបន្ថែមទៀត។ ឯកឧត្តម ថងលី ស៊ីសូលីត ចង់ឃើញយុវជនកម្ពុជា និងយុវជនឡាវ កាន់តែបន្តនូវកិច្ចការគ្រប់វិស័យទាំងនៅក្នុងក្របខណ្ឌវប្បធម៌ នយោបាយនិងវិស័យផ្សេងដទៃទៀតឲ្យកាន់តែមានភាពរីកចម្រើន។

នៅក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម ថងលី ស៊ីសូលីត ចំពោះរបាយការណ៍ដែលបានធ្វើឡើងនៅក្នុងអំឡុងពេល នៃទស្សនកិចរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបានសម្ដែងការគាំទ្រទាំងស្រុងចំពោះកិច្ចសហប្រតិបត្តិការ

រវាងយុវជន នៃប្រទេសទាំងពីរ ហើយសម្ដេចសង្ឃឹមថា យុវជនកម្ពុជា និងយុវជនឡាវនឹងរួមសាមគ្គីគ្នា និងបន្តនូវការចែករំលែកផ្លាស់ប្ដូរយោបល់ និងទស្សនៈគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌនៃយុវជនទាំងគណបក្ស និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានចែករំលែកនូវសារមួយចំនួនដែលជាបទពិសោធន៍ដល់ឯកឧត្តម ថងលី ស៊ីសូលីត បានស្ដាប់បន្ថែមពីពិសោធន៍អតីតកាលរបស់សម្ដេចក្នុងការដឹកនាំប្រទេស តាំងពីសម្ដេចនៅជាយុវជន រហូតដល់ដឹកនាំប្រទេសក្លាយទៅជាប្រទេសមួយដែលមានការអភិវឌ្ឍ និងជាប្រទេសដែលមានសន្តិភាព។

ឯកឧត្តមក៏បានសម្ដែងនូវការអរគុណចំពោះការចែករំលែកដ៏មានអត្ថន័យរបស់សម្ដេចតេជោ ហើយឯកឧត្តមបានលើកឡើងថា វាជាកិត្តិយសបំផុតសម្រាប់ឯកឧត្តម ដែលបានស្ដាប់នូវការចែករំលែកដ៏មានតម្លៃរបស់សម្ដេច ឯកឧត្តមក៏បានលើកឡើងថា ដំបូន្មាន ពាក្យពេជ្យដ៏មានតម្លៃរបស់សម្ដេចតេជោ នឹងក្លាយទៅជាមេរៀនមួយដ៏សំខាន់របស់ឯកឧត្តមនៅក្នុងការអនុវត្តក្នុងពេលខាងមុខ។

ចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យឯកឧត្តមនិងប្រតិភូបានទទួលជោគជ័យនៅក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា៕ ដោយ ៖ វីរះ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia