Connect with us

ព័ត៌មាន

ប្រធានមន្ទីរព័ត៌មាន និងមន្ទីរផែនការ ខេត្តព្រះវិហារ នាំយកអំណោយជូនវីរៈកងទ័ពនៅសមរភូមិមុខ!

នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត និងលោកស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការ ខេត្តព្រះវិហារ រួមជាមួយសហការី បាននាំយកជំនួយជាស្បៀងអាហារ ឧបត្ថម្ភជូនដល់វីរកងទ័ពដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ប្រចាំទិសតាថាវ និងភ្នំ៣៣៣ ក្នុងភូមិសាស្ដ្រស្រុកជាំក្សាន្ត ដើម្បីលើកទឹកចិត្ត ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

សកម្មភាពប្រកបដោយទឹកចិត្តប្រពៃនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតី “សមរភូមិក្រោយ ជួយសមរភូមិមុខ” និងជាការសម្តែងនូវកតញ្ញូកតវេទិតាធម៌ ព្រមទាំងការលើកទឹកចិត្តយ៉ាងជ្រាលជ្រៅចំពោះភាពក្លាហាន និងការលះបង់ដ៏ខ្ពង់ខ្ពស់របស់កងទ័ពក្នុងការការពារជាតិមាតុភូមិ។

នាឱកាសនោះ លោកស្រី ហែម សុគុណពិសី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំ និងសប្បុរសជន ជូនចំពោះបងប្អូនវីរកងទ័ពទាំងអស់។ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ដ៏ខ្ពង់ខ្ពស់របស់បងប្អូនកងទ័ព ដែលបានខិតខំប្រឹងប្រែងជម្នះពុះពារគ្រប់ឧបសគ្គ ឈរជើងការពារបូរណភាពទឹកដីយ៉ាងរឹងមាំ ដើម្បីសុខសន្តិភាព និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដ៏វិសេសវិសាលនេះ លោកស្រីសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមជូនពរឱ្យបងប្អូនវីរកងទ័ពទាំងអស់មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច ដើម្បីបន្តធ្វើជាបង្អែកដ៏កក់ក្តៅ និងជាសសរស្តម្ភការពារសន្តិភាពជូនជាតិមាតុភូមិជានិច្ចនិរន្តរ៍។

គួរបញ្ជាក់ផងដែរថា អំណោយដែលបាននាំយកជូនវីរកងទ័ពនាពេលនេះរួមមាន ៖

អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បារីចំនួន ០២កេសធំ និងសាខាសមាគមនារី រួមនិងក្រុមចលនាស្ត្រីខេត្ត មាននំអន្សមជ្រូក អន្សមចេកចំនួន២៤០នំ ព្រមទាំងអំណោយសប្បុរសជន និងអំណោយលោកស្រីប្រធានមន្ទីរទាំងពីរផ្ទាល់ មានគ្រឿងខ្មៅ ១១កំប៉ុង នំពងមាន់ ៣ប្រអប់ សាច់ជ្រូក ១០គីឡូក្រាម សាច់គោ ២គីឡូក្រាម រួមនិងបន្លែស្រស់ មានត្រសក់ សណ្ដែកគួរ និងល្ហុង ក្នុងមួយមុខចំនួន ១០គីឡូក្រាម។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia