Connect with us

ព័ត៌មាន

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបន្តច្បាំងតាមរយៈការទូត និងផ្លូវច្បាប់ទាមទារទឹកដីដែលថៃកាន់កាប់មកវិញ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ពេលនេះ រាជរដ្ឋាភិបាល កំពុងបន្តច្បាំងតាមរយៈការទូត និងផ្លូវច្បាប់ ដើម្បីទាមទារទឹកដីដែលថៃកាន់កាប់មកវិញ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង ដែលបញ្ចប់ការសិក្សាចំនួន ២ ០០១នាក់ នារី ១ ២៥១នាក់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយ៉ាងច្បាស់ៗ ថា រាជរដ្ឋាភិបាលកំពុងបន្ត «ច្បាំង» តាមផ្លូវច្បាប់ និងយន្តការការទូតអន្តរជាតិ ដើម្បីទាមទារទឹកដីកម្ពុជា ដែលកងទ័ពថៃកំពុងគ្រប់គ្រង ឬកាន់កាប់ជាបណ្តោះអាសន្នដោយខុសច្បាប់ត្រឡប់មកវិញ។

សម្ដេចបានបន្តថា ដរាបណាប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនចុះហត្ថលេខាទទួលស្គាល់ ឬយល់ព្រមកាត់ដីឱ្យភាគីថៃទេនោះ ទីតាំងដែលយោធាថៃឈរជើងទាំងនោះ នៅតែជាទឹកដីស្របច្បាប់របស់កម្ពុជាដដែល។ ថៃមិនមែនជាម្ចាស់កម្មសិទ្ធិលើដីទាំងនោះឡើយ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការវ៉ៃគ្នាមិនអាចបញ្ចប់ជម្លោះព្រំដែនបានទេ «គ្មានសង្គ្រាមបញ្ចប់ដោយសង្គ្រាមទេ» នេះគឺជាគោលការណ៍មកហើយ, ជំនាន់សង្គ្រាមផ្ទៃក្នុងរបស់កម្ពុជា មិនអាចបញ្ចប់ខ្មែរក្រហមដោយសារអាវុធនោះទេ ប៉ុន្ដែបានបញ្ចប់ដោយនយោបាយ ឈ្នះ ឈ្នះ។

ក្នុងឱកាសនោះ សម្តេចបានច្រានចោលមតិរិះគន់មួយចំនួនដែលលើកឡើងថា កម្ពុជាបានបាត់បង់ទឹកដីទៅឱ្យថៃរួចហើយ ដោយសម្ដេចបានអះអាងថា «គ្មានទេ អត់ទេ»។ កម្ពុជាបន្តរក្សាសិទ្ធិប្រើប្រាស់គ្រប់មធ្យោបាយផ្លូវច្បាប់ ដើម្បីការពារបូរណភាពទឹកដី។

សម្ដេចធិបតីបន្ថែមថា រាជរដ្ឋាភិបាលចង់ដោះស្រាយជម្លោះព្រំដែននេះឱ្យបានឆាប់ចប់ តាមរយៈការចរចាដោយផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញាប្រវត្តិសាស្ត្រ និងការវាស់វែងព្រំដែនតាមរយៈគណៈកម្មការចម្រុះព្រំដែន (JBC) ជាជាងការប្រើប្រាស់កម្លាំងយោធា ឬបង្កសង្គ្រាមដែលអាចនាំឱ្យមានផលប៉ះពាល់ និងការខូចខាតយូរអង្វែង៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia