Connect with us

ព័ត៌មាន

ក្រសួងពាណិជ្ជកម្មដាក់ឱ្យប្រើប្រព័ន្ធ SETFO 2.0 សម្រាប់ការទូទាត់ប្រាក់តាមអនឡាញជាមួយធនាគារ កាណាឌីយ៉ា

ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០» ឬហៅកាត់ថា (SETFO 2.0) ចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះតទៅ។ ប្រព័ន្ធថ្មីនេះ ត្រូវបានតភ្ជាប់ជាមួយធនាគារ កាណាឌីយ៉ា ក.អ ដើម្បីជួយសម្រួលដល់ការទូទាត់បង់កម្រៃសេវាផ្សេងៗតាមប្រព័ន្ធអនឡាញ ឱ្យកាន់តែមានភាពរហ័ស និងទាន់សម័យ។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «បច្ចុប្បន្នភាពនៃការធ្វើទំនើបកម្មការងារចុះបញ្ជីពាណិជ្ជកម្ម៖ ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការលើកលែងពិន័យ» នៅព្រឹកថ្ងៃនេះថា ការតភ្ជាប់ជាមួយធនាគារ កាណាឌីយ៉ា នឹងផ្តល់ភាពងាយស្រួល និងជម្រើសកាន់តែច្រើនដល់សាធារណជន ជាពិសេសវិស័យឯកជន ក្នុងការទូទាត់កម្រៃសេវាសាធារណៈ ដោយពុំចាំបាច់ចំណាយពេលធ្វើដំណើរទៅទូទាត់ប្រាក់ដោយផ្ទាល់នៅបញ្ជរបង់ប្រាក់របស់ក្រសួងពាណិជ្ជកម្មដូចមុនទៀតនោះទេ។

ឯកឧត្តម បានគូសបញ្ជាក់ថា ការតម្កល់លិខិតជូនដំណឹងនេះ គឺជាកាតព្វកិច្ចស្របច្បាប់របស់បណ្តាវិស័យឯកជន ស្របតាមបទដ្ឋានគតិយុត្តនានាដែលចេញដោយក្រសួងពាណិជ្ជកម្ម។ ដោយសារកន្លងមក ធុរជន និងអាជីវករភាគច្រើនមានភាពមមាញឹកខ្លាំងក្នុងការប្រកបអាជីវកម្ម រហូតដល់ភ្លេចត្រួតពិនិត្យ និងបំពេញកាតព្វកិច្ចទាំងនេះ ដែលអាចប្រឈមនឹងការរងពិន័យជាប្រាក់ ដូច្នេះហើយទើបក្រសួងបង្កើតប្រព័ន្ធអនឡាញនេះឡើង ដើម្បីជួយសម្រាលការងារ និងចំណេញពេលវេលារបស់ពួកគាត់។

តាមការលើកឡើងរបស់ឯកឧត្តម បួន សារៈមុន្នី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីបិទអង្គសិក្ខាសាលានេះ បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន ធុរជន និងអាជីវករទាំងអស់ មេត្តាប្រញាប់រួសរាន់មកបំពេញកាតព្វកិច្ចតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និងលិខិតបទដ្ឋាននានាឱ្យបានទាន់ពេលវេលា តាមរយៈប្រព័ន្ធព័ត៌មានវិទ្យាថ្មីនេះ ដើម្បីទទួលបាននូវការលើកលែងពិន័យ និងធានាបាននូវដំណើរការអាជីវកម្មដោយរលូន ស្របច្បាប់ និងមានតម្លាភាព៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia