Connect with us

ព័ត៌មាន

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងមន្ទីរសាធារណការ​ខេត្ត​ធ្វើ​យុទ្ធនា​ការ​អប់រំ​សុវត្ថិភាព​ចរាចរណ៍ មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដើម្បីរួមគ្នាកាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍

ខេត្តកណ្ដាល៖ ដើម្បីចូលរួមអបអរសាទរឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ បានរៀបចំ យុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

យុទ្ធនាការនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីគណៈកម្មាធិការសាខា ស្នងការដ្ឋាននគរបាលខេត្ត អាជ្ញាធរក្រុងតាខ្មៅ មន្ត្រីប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណ ៨០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ហាក់ សុខមករា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ព្រមទាំងកោតសរសើរចំពោះមន្ត្រីរាជការ កងកម្លាំង មន្ត្រីប្រតិបត្តិសាខា យុវជន និងអ្នកស្ម័គ្រចិត្ត ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តចូលរួមក្នុងយុទ្ធនាការដ៏មានសារៈសំខាន់នេះ។

ឯកឧត្តម បានមានប្រសាសន៍ថា យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណង ដាស់តឿន និងក្រើនរំលឹកដល់សាធារណជនឱ្យបង្កើនការយល់ដឹង និងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ ការពារអាយុជីវិត និងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ជាពិសេស អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូសណ្ដោងរ៉ឺម៉ក ត្រូវ ពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ បើកបរដោយមានការយោគយល់ និងអធ្យាស្រ័យគ្នា មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងមិនបើកបរលើសល្បឿនកំណត់។ ការអនុវត្តទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រារបួស ពិការភាព និងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។

សូមបញ្ជាក់ថា៖ សកម្មភាពផ្សព្វផ្សាយត្រូវបានរៀបចំឡើងនៅតាមបណ្តោយផ្លូវលេខ២១ ខាងមុខវិទ្យាល័យ ហ៊ុន សែន តាខ្មៅ។ ក្នុងយុទ្ធនាការនេះ ក្រុមការងារបានចែកខិតប័ណ្ណ និងឯកសារផ្សព្វផ្សាយពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍សរុបចំនួន ២,៩០៥ច្បាប់ ចែកមួកសុវត្ថិភាពចំនួន ៧០មួក ព្រមទាំងផ្សព្វផ្សាយសារអប់រំតាមរយៈឧគ្ឃោសនសព្ទ ដើម្បីបង្កើនការយល់ដឹង និងជំរុញឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ និងធ្វើដំណើរប្រកបដោយសុវត្ថិភាពក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia