ព័ត៌មាន
FBI សហរដ្ឋអាមេរិក ចុះបំពេញទស្សនកិច្ចនៅខេត្តស្វាយរៀង ពង្រឹងកិច្ចសហការទប់ស្កាត់ និងបោសសម្អាតបទល្មើសស្កែមអនឡាញ
ក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ កំពុងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្ម ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេតកម្រិតសហព័ន្ធនៃសហរដ្ឋអាមេរិក (FBI) ដឹកនាំដោយ លោកស្រី ជូលៀ ស្ទីវេន (M. Julia Stevens) ប្រធានអនុព័ន្ធអង្គភាពអនុវត្តច្បាប់ ប្រទេសកម្ពុជា និងប្រទេសវៀតណាម ព្រមទាំងក្រុមការងារបានអញ្ជើញចុះមកបំពេញទស្សនកិច្ចនិងពិភាក្សាការងារនៅក្នុងខេត្តស្វាយរៀង។
ដំណើរទស្សនកិច្ចកម្រិតខ្ពស់នេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ និងការពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក (តាមរយៈក្រសួងយុត្តិធម៌ និងស្ថាប័នអនុវត្តច្បាប់) និងរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា ក្នុងការរួមដៃគ្នាទប់ស្កាត់ ស្រាវជ្រាវ និងបង្ក្រាបឱ្យខាងតែបាននូវរាល់បទល្មើសឆ្លងដែន ក៏ដូចជាការតាមប្រមាញ់មេខ្លោងនិងអ្នកពាក់ព័ន្ធនឹងបណ្តាញឆបោកអនឡាញយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ក្នុងឱកាសចុះត្រួតពិនិត្យផ្ទាល់ដល់ទីតាំងប្រព្រឹត្តបទល្មើសស្កែមអនឡាញដែលអាជ្ញាធរបានបង្រ្កាប នៅក្រុងបាវិត គណៈប្រតិភូក៏បានជួបប្រជុំ និងពិភាក្សាការងារយ៉ាងយកចិត្តទុកដាក់បំផុតនៅទីនោះផ្ទាល់ ដោយមានការចូលរួមពី លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង, តំណាងស្ថាប័នអយ្យការ និងសាលាដំបូងខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមទាំងមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចពិភាក្សាការងារ និងការចុះត្រួតពិនិត្យស្ថានភាពភូមិសាស្ត្រជាក់ស្តែងនៅក្រុងបាវិតនេះ គឺដើម្បីវាយតម្លៃពីលទ្ធផលនៃការបង្ក្រាបកន្លងមក ការផ្លាស់ប្តូរព័ត៌មានស៊ើបអង្កេតអន្តរជាតិ និងការស្វែងយល់ពីវិធានការនានា ដើម្បីបន្តកាត់ផ្តាច់ខ្សែច្រវ៉ាក់នៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យខានតែបាន។ សកម្មភាពនេះ បានបង្ហាញយ៉ាងច្បាស់អំពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ក្នុងការប្តេជ្ញាចិត្តលុបបំបាត់រាល់សកម្មភាពខុសច្បាប់ ធានាការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម។
គួររំលឹកផងដែរថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័នអន្តរក្រសួង រួមទាំងក្រសួងយុត្តិធម៌ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ និងឥតដកថយក្នុងការបោសសម្អាតឧក្រិដ្ឋកម្មបច្ចេកវិទ្យាគ្រប់រូបភាព។ កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ រួមទាំងស្ថាប័នអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក (FBI) កម្ពុជារំពឹងថានឹងកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ការពារសន្តិសុខសង្គម និងលើកកម្ពស់បរិយាកាសវិនិយោគប្រកបដោយសុវត្ថិភាព តម្លាភាព ក្នុងខេត្តស្វាយរៀង ក៏ដូចជាទូទាំងព្រះរាជាណាចក្រកម្ពុជា៕








-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល