Connect with us

ព័ត៌មាន

សម្ដេចតេជោ និងសម្ដេចធិបតីជូនពរបងប្អូនកម្មករ និងពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ដោយ​សុខសុវត្ថិភាព

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ បានផ្ញើសារជូនពរដល់បងប្អូន កម្មករកម្មការិនី និងប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្តនាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ថ្ងៃនេះជាថ្ងៃទី១ នៃការចាប់ផ្តើមធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់បងប្អូន ប្រជាពលរដ្ឋ នាឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើង ដោយបានចាកចេញពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តផ្សេងៗទូទាំងប្រទេស ដោយប្រើប្រាស់សេវាកម្មដឹកជញ្ជូនរថយន្តក្រុងមិនគិតថ្លៃ តាមរយៈការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជួយសម្រាលបន្ទុកចំណាយ និងផ្តល់នូវការធ្វើដំណើរប្រកបដោយផាសុខភាព និងសុខសុវត្ថិភាព។

សម្ដេចតជោ បានថ្លែងថា បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានធ្វើដំណើរនៅថ្ងៃនេះ គឺអាចនឹងបន្តធ្វើដំណើរនៅថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ផងដែរ ដែលសេវាកម្មនេះ គឺមានរយៈពេល ៥ថ្ងៃ ដោយចាប់ពីថ្ងៃទី៩ ដល់ ១៣ ខែតុលា ឆ្នាំ២០២៦ ទៅតាមបណ្តាខេត្តផ្សេង តាមរយ:ទីតាំង ៥ ដូចមានក្នុងសេចក្តីជូនដំណឹងសម្រាប់ទាំងការចាកចេញ និងត្រឡប់មកកាន់រាជធានីភ្នំពេញវិញ។

សម្ដេចតេជោ និងសម្ដេចធិបតី បានជូនពរដល់បងប្អូន កម្មករកម្មការិនី និងប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្តនាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ពិសេស សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនអាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។

សូមជម្រាបថា តបតាមអនុសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយបានចាត់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តរៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូនបងប្អូន អ៊ំពូមីង តាយាយទៅកាន់ស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យតាមប្រពៃណីជាតិខ្មែរយើង។ ជាមួយនេះ បងប្អូន អ៊ំពូមីង តាយាយ ដែលមិនទាន់បានធ្វើដំណើរនៅថ្ងៃនេះ គឺអាចនឹងបន្តធ្វើដំណើរនៅថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ផងដែរ ដែលសេវាកម្មនេះ គឺមានរយ:ពេល ៥ថ្ងៃ ដោយចាប់ពីថ្ងៃទី៩ ដល់ ១៣ ខែតុលា ឆ្នាំ២០២៦ ទៅតាមបណ្តាខេត្តផ្សេង តាមរយ:ទីតាំង ៥ ដូចមានក្នុងសេចក្តីជូនដំណឹងសម្រាប់ទាំងការចាកចេញ និងត្រឡប់មកកាន់រាជធានីភ្នំពេញវិញ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia