Connect with us

ព័ត៌មាន

អ្នកនាំពាក្យ៖ ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ នៅតែជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈកម្ពុជានៅតែប្រកាន់ភ្ជាប់ការដោះស្រាយផ្អែកលើច្បាប់អន្តរជាតិ

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តម ប៉ែន បូណា មានប្រសាសន៍បញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះថា ​ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ​នៅតែជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈកម្ពុជានៅតែប្រកាន់ភ្ជាប់​ការដោះស្រាយ​ផ្អែកលើច្បាប់​អន្តរជាតិ។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ពាក់ព័ន្ធនឹងដំណោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ច្បាស់ៗ​កាលពីថ្ងៃទី​៧ និងទី៨ ខែតុលា ឆ្នាំ ២០២៦ ថា កម្ពុជាមិនដែលចង់មានសង្គ្រាមដូចមជ្ឈដ្ឋាន​មួយចំនួនចោទប្រកាន់ដោយខុសការពិតនោះទេ ប៉ុន្តែ កម្ពុជាត្រូវតែការពារកិត្តិយស និងអធិបតេយ្យភាពជាតិរបស់ខ្លួនក្នុងករណីមានការរំលោភបំពាន។ សម្ដេចធិបតីបន្តថា ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ​នៅតែជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយកម្ពុជានៅតែប្រកាន់ភ្ជាប់​ការដោះស្រាយ​ដែលផ្អែកលើច្បាប់​អន្តរជាតិ​​ អនុសញ្ញា សន្ធិសញ្ញានិងគោលការណ៍ដែលមានស្រាប់​ដើម្បីទាមទារទឹកដីស្របច្បាប់​របស់ខ្លួនត្រឡប់មកវិញ។

«ដរាបណាវិធីសាស្ត្រ​នៃការប្រើការទូត​ និងយន្ដការច្បាប់អន្តរជាតិនៅមានប្រសិទ្ធភាព និងជាដំណោះស្រាយយូរ​អង្វែងសម្រាប់ផ្តល់យុត្តិធម៌ និង​ការប្រគល់ទឹកដីកម្ពុជាត្រឡប់មកវិញ យើងនៅតែបន្តប្រើប្រាស់មធ្យោបាយនេះ»។ នេះជាការ​បញ្ជាក់ច្បាស់ៗរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។ដើម្បីឱ្យកិច្ចការនេះកាន់តែមានប្រសិទ្ធភាព និងជាក់លាក់ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានស្នើដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅមើលការវាស់វែងដោយផ្ទាល់ និងធ្វើជាសាក្សី ក្នុងដំណើរការនៃការវាស់វែងតាមយន្តការ JBC។

អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា កម្ពុជាគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគ្រប់ចំណុចទាំងអស់ដែលមានចែង ទាំងក្នុងវិធានការកាត់បន្ថយភាពតានតឹង និងយន្តការសម្រាប់ការអនុវត្តនិងផ្ទៀងផ្ទាត់ ក៏ដូចជាស្មារតីរួមនៃសេចក្តីប្រកាសរួមចុះថ្ហងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែលកម្ពុជានិងថៃបានព្រមព្រៀងគ្នា​តាមរយៈកិច្ចប្រជុំពិសេសលើកទី៣​របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)។ ចាប់តាំងពីសេចក្តីប្រកាសរួមនេះចូលជាធរមានមកដល់បច្ចុប្បន្ន ភាគីកម្ពុជាបានអនុវត្តបទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួន ប្រកប​ដោយការអត់ធ្មត់ខ្ពស់។ ទន្ទឹមនឹងនោះ គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតចំនួន១២លើកហើយទៅសមភាគីថៃដើម្បីស្នើបើកកិច្ចប្រជុំពិសេស JBC និងស្នើចាត់បញ្ជូនក្រុមអ្នកជំនាញចម្រុះបន្តចុះវាស់វែងលើដីជាក់ស្តែង។ ប៉ុន្តែ ភាគីថៃតែងរកលេសដើម្បីពន្យារពេលកិច្ចប្រជុំ និងការចុះវាស់វែងលើដីជាក់ស្តែងជាបន្តបន្ទាប់។

ឯកឧត្តម ប៉ែន បូណា បញ្ជាក់ជាថ្មីថា កម្ពុជាយល់ឃើញថា មានតែការវាស់វែងកំណត់ខណ្ឌសីមាព្រំដែន​ឱ្យបានច្បាស់លាស់​តាមរយៈយន្តការ​បច្ចេកទេស JBC ដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងឯកសារ ផែនទី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ​ទេ ទើបជាដំណោះស្រាយ​ពិតប្រាកដ ប្រកបដោយនិរន្តរភាពនៃបញ្ហាព្រំដែនរវាង​ប្រទេសទាំងពីរ ដែលជាការ​កសាងទំនុកចិត្ត និង​សន្តិភាពយូរអង្វែងនៅតាមព្រំដែន។ ក្នុងន័យនេះ កម្ពុជាបន្តអំពាវនាវឱ្យភាគីថៃឈប់បង្កើតលេសដើម្បីពន្យារពេលនៃដំណើរការខ័ណ្ឌសីមាព្រំដែនគោកតទៅទៀត ដោយងាកមក​ដោះស្រាយ​បញ្ហាព្រំដែន ​ដោយសុច្ឆន្ទៈពិតប្រាកដ តាម​​ការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ស្របតាមអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ និងសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia