ព័ត៌មាន
នាយករដ្ឋមន្រ្តីវៀតណាម អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ នៅកម្ពុជា
ឯកឧត្តម ឡេ មិញហ៉ឹង ( Le Minh Hung ) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាថ្ងៃត្រង់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរអញ្ជើញដល់របស់ឯកឧត្តមនាយករដ្ឋមន្ត្រីនៅព្រលានយន្តហោះអន្តរជាតិតេជោ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែន ឯកឧត្តម ឈិន កេតនា ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា។
ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឡេ មិញ ហ៊ឹង នៅកម្ពុជានាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចពីថ្ងៃទី៩ ដល់ទី១០ ខែតុលានេះ ឯកឧត្តម ឡេ មិញ ហ៊ឹង នឹងចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរនៅព្រះបរមរាជវាំង។
លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ក្រសួងការបរទេស បានឱ្យដឹងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។
ក្រសួងការបរទេសកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ឡេ មិញ ហ៊ឹង នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ព្រមទាំងរឹតចំណងសាមគ្គីភាព និងបញ្ជាក់ពីការប្តេជ្ញារួមរបស់ប្រទេសទាំងពីរក្នុងការបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី។
សូមបញ្ជាក់ថា ឯកឧត្តម ឡេ មិញ ហ៊ឹង អាយុ ៥៦ឆ្នាំ ត្រូវបានសភាវៀតណាម បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មី កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ សម្រាប់អាណត្តិ៥ឆ្នាំ ជំនួសតំណែងរបស់លោក ផាម មិញ ជិញ។
នាយករដ្ឋមន្ត្រីដែលបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចពីប្រទេសជប៉ុនរូបនេះ មុនពេលក្លាយជានាយករដ្ឋមន្ត្រី ធ្លាប់កាន់តំណែងជាទេសាភិបាលធនាគារកណ្តាលវៀតណាម ពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២០ ដោយបានក្លាយជាទេសាភិបាលវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រធនាគារកណ្តាលនៅអាយុ ៤៦ឆ្នាំ។ នៅក្នុងខែមករា ឆ្នាំ២០២៦ លោក ក៏ត្រូវបានជ្រើសរើសជាសមាជិកការិយាល័យនយោបាយ ដែលជាស្ថាប័នកំពូលរបស់បក្សកុម្មុយនីស្តវៀតណាម។
ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីខែមេសា ឯកឧត្តម ឡេ មិញ ហ៊ឹង ទើបនឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសឡាវ កាលពីថ្ងៃទី៨ ខែតុលា ហើយបន្តដំណើរមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី៩ និងទី១០ ខែតុលានេះ។ ដំណើទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា ជាគោលនយោបាយពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងនយោបាយរវាងវៀតណាម ឡាវ និងកម្ពុជា ដែលជាប្រទេសភូមិផងរបងជាប់គ្នាឱ្យកាន់តែស៊ីជម្រៅ និងលើកកម្ពស់ទំនុកចិត្តរវាងគ្នាឱ្យកាន់តែខ្លាំងក្លា ដ្បិតប្រទេសទាំង៣ប្រៀបដូចមុំចង្ក្រានដែលតែងតែពូតដៃគ្នាជម្នះការលំបាក និងរំដោះខ្លួនចេញពីអាណានិគមបារាំងកាលពីអតីតកាល៕







-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល