Connect with us

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ព្រះបរមរូបព្រះបរមរតនកោដ្ឋ និងស្តូបមិត្តភាកម្ពុជា-វៀតណាម

ភ្នំពេញ៖ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់រាជធានីភ្នំពេញ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ, ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបមិត្តភាពកម្ពុជា-វៀតណាម។

បើតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា​ ដំណើរទស្សនកិច្ចពីថ្ងៃទី៩ ដល់ទី១០ ខែតុលា​នេះ ឯកឧត្តម ឡេ មិញ ហ៊ឹង នឹងចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោ​ត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរនៅព្រះបរមរាជវាំង។ ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម ក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា​ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ក្រសួងការបរទេស បានឱ្យដឹងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពីការ​ពង្រឹង​ទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។

ក្រសួងការបរទេសកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ឡេ មិញ ហ៊ឹង នឹង​ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ព្រមទាំងរឹតចំណងសាមគ្គីភាព និងបញ្ជាក់ពីការប្តេជ្ញារួមរបស់ប្រទេសទាំងពីរក្នុងការបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia