Connect with us

ព័ត៌មាន

ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃផលប៉ះពាល់លើដំណាំស្រូវដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃផលប៉ះពាល់លើដំណាំស្រូវដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះមានការចូលរួមពីគណៈអភិបាលខេត្ត អភិបាលក្រុង-ស្រុកទាំង៩ មេឃុំ និងមន្ត្រីកសិកម្មឃុំ ព្រមទាំងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តាមការវាយតម្លៃបឋម ផ្ទៃដីដំណាំស្រូវប៉ះពាល់ចំនួន ៣៦,១៣៥ហិកតា និងខូចខាត ២,៣៥១ហិកតា។

នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក ឃុំ និងមន្ទីរជំនាញពាក់ព័ន្ធឱ្យបន្តចុះវាយតម្លៃ ធ្វើបច្ចុប្បន្នភាព ផលប៉ះពាល់ និងខូចខាត និងភាពស្តារឡើងវិញឱ្យបានជាក់លាក់ ព្រមទាំងកំណត់ឱ្យច្បាស់ពីគ្រួសារដែលរងគ្រោះ ក៏ដូចជាស្ថានភាពដំណាំ និងលទ្ធភាពដាំដុះស្តារឡើងវិញ និងលទ្ធភាពទឹកស្រោចស្រព សម្រាប់សុំគោលការណ៍រាជរដ្ឋាភិបាលដើម្បីពិនិត្យលទ្ធភាពដោះស្រាយ ផ្តល់ គ្រាប់ពូជស្រូវ គ្រាប់ពូជដំណាំរួមផ្សំ និងស្បៀងជូនគ្រួសាររងគ្រោះ និងគ្រួសារខ្វះខាត ឱ្យបានទាន់ពេលវេលា ព្រមទាំងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។

ការវាយតម្លៃផលប៉ះពាល់ឱ្យបានច្បាស់លាស់ និងការឆ្លើយតបឱ្យបានទាន់ពេលវេលា គឺជាមូលដ្ឋានសំខាន់ក្នុងការជួយស្តារជីវភាព និងផលិតកម្មរបស់ប្រជាកសិករដែលរងគ្រោះ៕

បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានបន្តអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពស្រូវដែលរងការជន់លិច នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងពិនិត្យស្ថានភាពទឹកជន់លិចនៅសងខាងផ្លូវវាងក្រុងសិរីសោភ័ណ ដែលមានព្រំប្រទល់ជាមួយស្រុកមង្គលបុរីផងដែរ៕ឃិនសារិទ្ធ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia