ព័ត៌មាន
សម្ដេចធិបតី ផ្ដល់ ឱកាសមាសសម្រាប់ ក្រុម លោក អ៊ុំ សំអាន បង្ហាញសមត្ថភាព ជាអ្នកជំនាញព្រំដែន ដែលមានការទទួលខុសត្រូវ
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលើបណ្ដាញសង្គម ដោយ ផ្ដល់ ឱកាសមាស និងធានាសុវត្ថិភាព ក៏ដូចជាចំណាយផ្សេងៗ ដល់ លោក អ៊ុ សំអាន និងក្រុមរបស់គាត់ ដើម្បីបង្ហាញសមត្ថភាព ជាអ្នកជំនាញព្រំដែន ដែលមានការទទួលខុសត្រូវ ខណៈលោក និងក្រុម ច្រើនតែចោទប្រកាន់ត្រង់តែម្ដងទៅលើមន្ត្រីជំនាញព្រំដែនរបស់កម្ពុជា ថាពួកគាត់បានធ្វើឱ្យបាត់បង់ទឹកដីខ្មែរ។
សារទាំងស្រុករបស់ សម្ដេចធិបតី មានដូចតៅ៖
“លោក អ៊ុំ សំអាន ដែលធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារ ដែលបានផ្សាព្វផ្សាយពីរឿងព្រំដែនដោយគ្មានមូលដ្ឋានត្រឹមត្រូវ បច្ចុប្បន្នបានតាំងខ្លួនសាជាថ្មីជាអ្នកជំនាញព្រំដែន។ គាត់បាន និងកំពុងបន្តនិយាយច្រើនពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ដោយគ្មានមូលដ្ឋានច្បាស់លាស់ដូចមុនដែរ។ ប៉ុន្មានថ្ងៃ ចុងក្រោយនេះ ឃើញគាត់លើកអំពីករណីព្រំដែន កម្ពុជា-ថៃ ចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ដោយចោទប្រកាន់ថា ការបោះបង្គោលបណ្តោះអាសន្នដែលបានធ្វើដោយក្រុមការងារបច្ចេកទេស នៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនចូលក្នុងដីខ្មែរ ដែលធ្វើឱ្យខ្មែរបាត់បង់ទឹកដី និងថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃ ដើម្បីប្តូរយកសន្តិភាពនិងអំណាច។
ការលើកបែបនេះ គឺមិនត្រឹមតែចោទប្រកាន់មកលើរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែគឺចោទប្រកាន់ត្រង់តែម្ដងទៅលើមន្ត្រីជំនាញព្រំដែនរបស់កម្ពុជា ថាពួកគាត់បានធ្វើឱ្យបាត់បង់ទឹកដីខ្មែរ ទាំងដែលពួកគាត់បានខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់បំផុតក្នុងការការពារអធិបតេយ្យភាព និងទឹកដីស្របច្បាប់របស់កម្ពុជា ជាច្រើនទសវត្សរ៍មកហើយ។ នេះគឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមួយ ដែលមិនអាចទទួលយកបាន។
ដើម្បីបង្ហាញនូវតម្លាភាព, គណនីយភាព និងការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាល និងមន្ត្រីជំនាញព្រំដែនរបស់យើង ក៏ដូចជាផ្តល់ឱកាសឱ្យ លោក អ៊ុំ សំអាន និងក្រុមរបស់គាត់ បានបង្ហាញសមត្ថភាពពិត និងការទទួលខុសត្រូវរបស់គាត់ពាក់ព័ន្ធនឹងការនិយាយរបស់គាត់ អំពីបញ្ហាព្រំដែន ខ្ញុំសូមផ្ដល់ឱកាសឱ្យលោក អ៊ុំ សំអាន និងក្រុមរបស់លោក ដូចខាងក្រោម ÷
១. អញ្ជើញ លោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់លោក នាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅកម្ពុជា។
២. ក្នុងដំណាក់កាលនេះ ដែលការចរចា និងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃមិនទាន់ចប់ យើងមិនអាចបញ្ចេញនូវព័ត៌មានរសើបមួយចំនួន ជាលក្ខណៈទូលំទូលាយតាមបណ្ដាញសង្គមនោះទេ។ ទោះជាយ៉ាងនេះក្តី ដើម្បីបង្ហាញនូវតម្លាភាព, គណនីយភាព និងការទទួលខុសត្រូវ ក្នុងពេលជជែកវែកញែកគ្នានោះ យើងនឹងបើកឱកាសឱ្យមានការចូលរួមស្តាប់ ពីអ្នកសារពត៌មាន, តំណាងគណបក្ស, អង្គការសង្គមស៊ីវិល, និស្សិត បញ្ញវន្ត និងមហាជនខ្មែរ ក្នុងកម្រិតណាមួយ ដើម្បីធ្វើជាសាក្សី និងបានដឹង បានលឺ អំពីព័ត៌មានពិត ពាក់ព័ន្ធបញ្ហាដែលជាកង្វល់របស់ប្រជាពលរដ្ឋ។
៣. ខ្ញុំធានាសុវត្ថិភាពឱ្យ លោក អ៊ុំ សំអាន និងក្រុមរបស់លោក អំឡុងពេលមានវត្តមាននៅកម្ពុជា រហូតដល់លោក និងក្រុមរបស់លោក ចាកចេញផុតពីកម្ពុជាវិញ។
៤. បើលោកខ្វះលុយទិញសំបុត្រយន្តហោះមកកម្ពុជា ខ្ញុំនឹងចេញថ្លៃសំបុត្រយន្តហោះឱ្យលោក។
៥. បើលោកខ្វះមធ្យោបាយធ្វើដំណើរ និងកន្លែងស្នាក់នៅ ខ្ញុំនឹងរៀបចំឱ្យដោយឥតគិតថ្លៃ ក្នុងអំឡុងពេលលោកមានវត្តមាននៅកម្ពុជា។
នេះមិនមែនជាការចង់ផ្ចាញ់ផ្ចាលជាមួយ លោក អ៊ុំ សំអាន និងក្រុមរបស់លោកនោះទេ ប៉ុន្តែ គឺដើម្បីបង្ហាញនូវតម្លាភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។
រាជរដ្ឋាភិបាលមិនមានការលាក់បាំងអ្វី ហើយក៏មិនខ្លាចក្នុងការការទទួលខុសត្រូវចំពោះកិច្ចការងាររបស់ខ្លួននោះទេ ហើយក្រុមការងារបច្ចេកទេសជំនាញព្រំដែន របស់រាជរដ្ឋាភិបាល ត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមការជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយលោក អ៊ុំ សំអាន និងក្រុមរបស់លោក។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោក អ៊ុំ សំអាន និងក្រុមរបស់លោក មិនខ្លាចនឹងទទួលយកនូវការអញ្ជើញរបស់ខ្ញុំ ដើម្បីមកជជែកគ្នាជាមួយក្រុមការងារបច្ចេកទេសជំនាញព្រំដែនរបស់រាជរដ្ឋាភិបាល (ដែលលោកចោទពួកគាត់ថាបានលួចកាត់ដីឱ្យថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩) នៅចំពោះមុខអ្នកសារពត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត និងមហាជនខ្មែរនោះទេ។
ខ្ញុំនិងប្រជាពលរដ្ឋទូទៅ បានឃើញថា លោកតែងតែលើកយកប្រធានបទព្រំដែនគ្រប់ទីកន្លែងមកនិយាយ ហេតុដូច្នេះ លោកមិនត្រូវខ្លាចនឹងចូលមកជជែកគ្នាករណីព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ដើម្បីបង្ហាញជាឧទាហរណ៍ជាក់ស្ដែង ឱ្យប្រជាពលរដ្ឋបានឃើញ នូវសមត្ថភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់លោកនោះទេ។ សង្ឃឹមថា លោកនឹងមិនមានលេសអ្វីផ្សេងទៀតដើម្បីគេចវេសមិនទទួលការអញ្ជើញមកជជែកគ្នានោះទេ។
ខ្ញុំសូមបញ្ជាក់សាជាថ្មី នូវការធានាអំពីសុវត្ថិភាពរបស់លោក និងក្រុមរបស់លោក ក្នុងអំឡុងពេល ដែលលោក និងក្រុមរបស់លោក មានវត្តមាននៅប្រទេសកម្ពុជា រហូតដល់លោក និងក្រុមរបស់លោក ចាកចេញផុតពីកម្ពុជា។ ហេតុដូច្នេះ ការព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោក និងក្រុមរបស់លោក មិនគួរជាកម្មវត្ថុដែលរារាំងពួកលោកមិនឱ្យមកចូលរួមតាមការអញ្ជើញរបស់ខ្ញុំនោះទេ។
នេះគឺជាឱកាសមាសសម្រាប់ លោក អ៊ុំ សំអាន ក្នុងការបង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែន ដែលមានមូលដ្ឋានត្រឹមត្រូវ និងការទទួលខុសត្រូវច្បាស់លាស់ និង មិនមែនជា អ៊ុំ សំអាន ដែលធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារដែលបានផ្សាព្វផ្សាយពីរឿងព្រំដែន ដោយគ្មានមូលដ្ឋានច្បាស់លាស់ កាលពីពេលមុននោះទេ”៕

-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល