Connect with us

ព័ត៌មាន

យុវជនកម្ពុជាចាប់ផ្តើមបោះជំហានចូលរួមបំពេញកាតព្វកិច្ចយោធាថ្ងៃដំបូង

ភ្នំពេញ៖ ថ្ងៃនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានអត្ថន័យបំផុតមួយសម្រាប់យុវជនកម្ពុជា នៅពេលដែលការបើកទទួលពាក្យស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធាបានចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃដំបូងនេះ។ ការបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់គឺជាឱកាសដ៏មហាសាលសម្រាប់យុវជនក្នុងការបង្ហាញពីស្មារតីក្លាហាន វិន័យ និងការតាំងចិត្តខ្ពស់ក្នុងការការពារសុខសន្តិភាព និងបូរណភាពទឹកដី។ជាការចាប់ផ្តើមបើកទំព័រថ្មីមួយទៀតហើយ ដោយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦នេះ គឺជាថ្ងៃដំបូងផ្លូវការនៃការបើកទទួលពាក្យស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ដែលទាក់ទាញចំណាប់អារម្មណ៍ និងការចូលរួមយ៉ាងផុសផុលពីសំណាក់យុវជនជំនាន់ថ្មី ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការលះបង់ និងពុះពារដើម្បីបុព្វហេតុជាតិមាតុភូមិ។

នាព្រឹកមិញនេះ ក្រុមយុវជនដែលមានអាយុគ្រប់ ១៨ ឆ្នាំ បានស្ម័គ្រចិត្តមកដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធា នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ពួកគេបានថ្លែងដោយក្តីរំភើបថា នេះជាការសម្រេចក្តីស្រមៃដ៏ធំបំផុតមួយក្នុងជីវិត ដែលនឹង​ក្លាយជាផ្នែកមួយនៃកងកម្លាំងយោធា ដើម្បីបំពេញភារកិច្ចជូនជាតិ។

ក្រុមយុវជនចាត់ទុកការចូលធ្វើទាហានថា ជាឱកាសល្អបំផុតសម្រាប់រៀនសូត្រវិន័យ ពង្រឹងស្មារតីសាមគ្គី និងអភិវឌ្ឍខ្លួនដើម្បីបម្រើជាតិ។ ក្នុងនាមជាយុវជនកម្ពុជា ការចូលបំពេញកាតព្វកិច្ចយោធា គឺជាមោទនភាព និងជាការចូលរួមកសាងជាតិមាតុភូមិ។ ក្រុមយុវជន បានអំពាវនាវដល់យុវជនខ្មែរជំនាន់ក្រោយទាំងអស់ ចូលរួមបំពេញកាតព្វកិច្ចយោធាឱ្យបានសកម្ម ដើម្បីឱ្យសង្គមជាតិមានធនធានមនុស្សរឹងមាំ ដែលគ្មាននរណាអាចរំលោភបំពានបានឡើយ។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិកាតព្វកិច្ចយោធានៃក្រសួងការពារជាតិ បានជូនដំណឹងថា ការដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា បានប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia