Connect with us

ព័ត៌មាន

ពិធីបុណ្យភ្ជុំបិណ្ឌនៅតាមវត្តអារាមក្នុងខេត្តស្វាយរៀង បានបញ្ចប់ដោយទិដ្ឋភាពសប្បាយរីករាយ

ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ជាបុណ្យធំរបស់ពលរដ្ឋខ្មែរ និង​ជាតិ​សាសន៍​មួយ​ចំនួន​ដែល​ជា​អ្នក​កាន់​សាសនាព្រះពុទ្ធ ត្រូវបានបញ្ចប់ ក្នុងភាពអធិកអធម ដោយធានាបាន​សន្តិ​សុខ​ល្អប្រ​សើរ បន្ទាប់ពីពុទ្ធ​បរិស័ទ​ប្រតិបត្តិ​រយៈ​ពេល១៥​ថ្ងៃ​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​១រោច​ដល់​ថ្ងៃ១​៥រោច​ខែ​ភទ្របទ។

ព្រះវិសុទ្ធញ្ញាណ មុំ សយ ព្រះមេគណ ខេត្តស្វាយរៀង បានមានថេរដិការបញ្ជាក់ថា ពិធី​បុណ្យ​កាន់​បិណ្ឌ និង​បុណ្យ​ភ្ជុំ​បិណ្ឌ ឆ្នាំនេះព្រះសង្ឃ និងពុទ្ធបរិស័ទ​ បានប្រារព្វ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​មាន​សន្តិភាព និងជីវភាពពលរដ្ឋ ត្រូវបានលើកកំពស់ ហើយនៅ ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ និងភ្ជុំបិណ្ឌ នៅក្នុងខេត្តស្វាយរៀង គ្រប់វត្តអារាមទាំង២៤៥វត្ត ព្រះសង្ឃ​ទទួល​បាន​ចង្ហាន់​គ្រប់​គ្រាន់​ពុំ​មានវត្តណាមួយប្រឈមកង្វះខាតចង្ហាន់នោះទេ។

ព្រះវិសុទ្ធញ្ញាណ មុំ សយ ព្រះមេគណ ខេត្តស្វាយរៀង បានមានថេរដិការបញ្ជាក់បន្ថែមថា បុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌ​ មានអត្ថប្រយោជន៍ ៣ជាសំខាន់ ទី១គឺ រំលឹកគុណ ចំពោះបុព្វការីជន ពី​ព្រោះ​នៅ​ក្នុង​ព្រះពុទ្ធសាសនាតែងតែសរសើរ នូវបុគ្គលដែលជាអ្នកមានធម៌​កតញ្ញុកតទេវី គឺ​កា​រនឹ​ក​រលឹក​ចំពោះគុណបការះ ចំពោះលោកដែលមានគុណ ទីពីរ ការប្រារព្វ​ពិធី​បុណ្យ​គឺ​ស្វែង​រក​បុណ្យ​កុសល​សម្រាប់​យើងទាំងអស់គ្នា ពីព្រោះថាជីវិត​សង្ខា​របស់​យើង​មិន​ទៀង​ទាត់​ឋិត​ថេរ​ជា​និច្ច​ជា​កាល​ឡើង តែងតែមកដល់នូវសេចក្តីស្លាប់ជាទីបញ្ចប់ និងអត្ថប្រយោជន៍​ទី៣ គឺសាមគ្គីធម៌ រវា​ង​ព្រះសង្ឃ និងពុទ្ធបរិស័ទ ព្រោះពុទ្ធបរិស័ទជាអ្នកមានការទំនុកបំរុងជាមួយព្រះសង្ឃ ហើយព្រះ​សង្ឃ​ក៏​រស់​នៅដោយសារអាស្រ័យលើអាហារបិណ្ឌបាតពីពុទ្ធបរិស័ទដែរ៕ អត្ថបទ៖ ភា សារិត

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia