Connect with us

ព័ត៌មាន

ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ២៦នាក់

ភ្នំពេញ៖ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ បានបណ្ដាលឲ្យមានមនុស្សចំនួន ២៦នាក់ បានស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់ស្រាលជាង ១០០នាក់ ។

យោងតាមរបាយការណ៍ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១០ ខែតុលា បានកើតឡើងចំនួន ១៤ករណី បង្កឲ្យមានមនុស្សស្លាប់ចំនួន ១២នាក់ និងរបួស ២៣នាក់, ថ្ងៃទី១១ ខែតុលា កើតឡើងចំនួន ១០ករណី ស្លាប់មនុស្ស៦នាក់ និងរបួស ៥១នាក់ ខណៈនៅថ្ងៃទី១២ ខែតុលា បានកើតឡើងចំនួន ១០ករណី ស្លាប់៨នាក់ និងរបួសធ្ងន់ស្រាលចំនួន ២៧នាក់ ។

របាយការណ៍របស់ក្រសួងមហាផ្ទៃដដែល បានបន្តថា សរុបពីថ្ងៃបិណ្ឌ១ ក្នុងឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១៤៣ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៨៦នាក់ និងរបួស ២៥៨នាក់ ។ បើធៀបនឹងឆ្នាំ២០២៥កន្លងទៅ កើនឡើងចំនួន ២៦ករណី ស្លាប់កើនឡើងចំនួន ៦នាក់ និងរបួសកើនឡើង ១០២នាក់ ។

ទន្ទឹមនឹងការចេញនូវរបាយការណ៍ អំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងមិនលោះថ្ងៃនេះ ក្រសួងមហាផ្ទៃ ក៏បានចេញសារផ្សពផ្សាយអប់រំមួយចំនួន ក្នុងនោះពេលធ្វើដំណើរនៅលើដងផ្លូវ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកប្រើប្រាស់យានយន្ត ត្រូវអនុវត្តនូវវិធានការ “២កុំ” ឲ្យបានខ្ជាប់ខ្ជួន ដោយកុំ១. កុំវ៉ាជែង ជ្រែ និងបើកបរចូលចំណែកផ្លូវ សម្រាប់យានទិសដៅផ្ទុយ! និងកុំ២. កុំឈប់ ឬចតយាន នៅចំណុចចង្អៀត ដោយគ្រាន់តែទិញអាហារ ឬគយគន់ទេសភាព! ។

ចំពោះការធ្វើដំណើរ នៅលើដងវិថីនេះដែរ ប្រជាពលរដ្ឋដាច់ខាតមិនត្រូវធ្វើនូវចំណុចដាច់ខាតចំនួន៤ ដែលដាច់ខាត១. មិនត្រូវបើកបរក្រោមឥទ្ធិពលជាតិស្រវឹង!, ដាច់ខាត២. មិនត្រូវបើកបរលើសល្បឿនកំណត់!, ដាច់ខាត៣. មិនត្រូវបើកបរដោយមិនពាក់ខ្សែក្រវាត់ និងមួកសុវត្ថិភាព! និងដាច់ខាត៤. បង្កគ្រោះថ្នាក់ចរាចរណ៍ហើយ បើករត់គេចពីកន្លែងកើតហេតុ ដោយមិនទទួលខុសត្រូវៗ! ។

សម្រាប់អ្វីដែលប្រជាពលរដ្ឋ គួរធ្វើនៅពេលធ្វើដំណើរ ក៏មានចំនួន ៣ចំណុចផងដែរ ដោយគួរ១. ម៉ូតូគួរបើកបរលើគន្លងម៉ូតូ រថយន្តគួរបើកបរលើគន្លងរថយន្ត ម៉ូតូកង់៣ គួររក្សាគន្លងសមស្រប!, គួរ២. គួរបើកបររក្សាគម្លាតយានជំនិះពីគ្នា! និងគួរ៣. គួរប្រុងប្រយ័ត្នគ្រប់ពេល កុំមើលស្រាលស្ថានភាព! ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia