Connect with us

ព័ត៌មាន

យុវជនបន្តនាំគ្នាទៅចុះឈ្មោះបោះឆ្នោត ខណៈដំណើរការចុះឈ្មោះនៅបន្តរហូតដល់ចុងខែវិច្ឆិកា

ភ្នំពេញ៖ យុវជនដែលមានសិទ្ធិបោះឆ្នោត បន្តមកចុះឈ្មោះបោះឆ្នោត ដើម្បីធានាថាខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងអាចចូលរួមអនុវត្តសិទ្ធិជាពលរដ្ឋ។ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត សម្រាប់អាណត្តិទី ៦ ឆ្នាំ ២០២៦ គឺចាប់ពី ថ្ងៃទី ៧ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៦។

ក្រុមយុវជន ដែលបានទៅចុះឈ្មោះថ្មីនៅសង្កាតដង្កោ រាជធានីភ្នំពេញ បានលើកឡើងថា ការមកចុះឈ្មោះបោះឆ្នោត គឺជាការបង្ហាញពីការចូលរួមអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ដើម្បីជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត និងចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែប្រសើរ។ ពួកគេក៏បានអំពាវនាវដល់យុវជនទាំងអស់ដែលមានអាយុគ្រប់លក្ខខណ្ឌតាមច្បាប់ សូមអញ្ជើញមកចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីធានាថាខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

ពួកគេ មានប្រសាសន៍ថា «ការចូលរួមបោះឆ្នោតនេះ គឺជារសកម្មភាពយ៉ាងសំខាន់សម្រាប់យុវជនយើងគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ ដែលមានគោលដៅសំខាន់អាចអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់របស់យើងឱ្យកាន់តែរីកចម្រើន។ ប្រសិនបើយើងជាយុវជនចង់ឃើញភូមិ ឃុំ សង្កាត់ ឬក៏សហគមន៍របស់យើងមានការអភិវឌ្ឍរីកចម្រើន យើងគួរតែចូលរួមក្នុងការបោះឆ្នោត ព្រោះសំឡេងរបស់យើងម្នាក់ៗ គឺជាអនាគតសហគមន៍របស់យើង»។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ប្រជាពលរដ្ឋមកចុះឈ្មោះថ្មីសរុបចំនួន ៨៨ ២១៨នាក់។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ ២០២៧៕អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia