Connect with us

ព័ត៌មាន

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រោះមហន្តរាយរយៈពេល៩ខែ

នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីពិធីអបអរសាទរ “ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ” និងដឹកនាំកិច្ចប្រជុំលើរបាយការណ៍ ស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយរយៈពេល ៩ខែនិងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន, ឯកឧត្តម-លោកជំទាវ ទីប្រឹក្សា, ឯកឧត្តម-លោកជំទាវ អគ្គលេខាធិការ អគ្គលេខាធិការរង, លោកប្រធាននាយកដ្ឋានទាំង៦ និងមន្រ្តី។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជា បានបន្តប្រឈមនឹងហានិភ័យ គ្រោះមហន្តរាយ និងបញ្ហាប្រឈមជាច្រើន ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ស្ថានភាព ខ្យល់កន្ត្រាក់ រន្ទះបាញ់ អគ្គិភ័យ ជំងឺរាតត្បាត និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងស្ថានភាពវិបត្តិជម្លោះ អាកាសធាតុមិនទៀងទាត់ និងកត្តាផ្សេងៗទៀត។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា របាយការណ៍រយៈពេល ៩ខែនេះរៀបចំឡើងក្នុងគោលបំណងបង្ហាញពីស្ថានភាពហានិភ័យ និងផលប៉ះពាល់ ដោយគ្រោះមហន្តរាយ សកម្មភាពការងារសំខាន់ៗ និងលទ្ធផលនៃការអនុវត្តរបស់ គ.ជ.គ.ម. ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៦ ព្រមទាំងកំណត់ទិសដៅសម្រាប់ការអនុវត្តបន្ត ដើម្បីបន្តពង្រឹងប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយ និងភាពធន់របស់ប្រជាពលរដ្ឋ និងសហគមន៍នៅកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ហានិភ័យគ្រោះមហន្តរាយដែលកើតមាន រួមមាន ទឹកជំនន់ រាំងស្ងួត តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលបានបង្កឱ្យមានការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋ និងតម្រូវឱ្យមានការឆ្លើយតប និងការគាំទ្រជាបន្តបន្ទាប់។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ក្នុងអំឡុងពេលនេះ ស្ថានភាពអាកាសធាតុមានការប្រែប្រួលតាមរដូវកាល ដោយរដូវប្រាំងមាន អាកាសធាតុក្តៅ និងស្ងួត ដែលបង្កើនហានិភ័យអគ្គិភ័យ ខណៈការឈានចូលរដូវវស្សាមានភ្លៀងធ្លាក់ មិនទៀងទាត់ និងបាតុភូតអាកាសធាតុធ្ងន់ធ្ងរមួយចំនួន។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា គ្រោះមហន្តរាយកន្លងមកនេះមានខ្យល់កន្ត្រាក់ រន្ទះបាញ់ និង ទឹកជំនន់បានកើតមាននៅតាមបណ្តារាជធានី ខេត្ត បណ្តាលឱ្យមានការប៉ះពាល់ដល់លំនៅឋាន សាលារៀន ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ព្រមទាំងបង្កឱ្យមានអ្នកស្លាប់ និង រងរបួសក្នុងករណីមួយចំនួន។

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំឱ្យបន្តពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងជាមុន ការគ្រប់គ្រងព័ត៌មាន និងទិន្នន័យគ្រោះមហន្តរាយ ការកសាងសមត្ថភាពធនធានមនុស្ស កិច្ចសហប្រតិបត្តិការ និងការកៀរគរ ធនធាន ដើម្បីបង្កើនប្រសិទ្ធភាពនៃការត្រៀមខ្លួន និងការឆ្លើយតបចំពោះគ្រោះមហន្តរាយ។

ដោយឡែក ចំពោះស្ថានភាពជម្លោះតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ឯកឧត្តម ទេសរដ្ឋមន្រ្តី លើកឡើងថា បានបង្កឱ្យមានការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋទ្រង់ទ្រាយធំ និងបានបង្កើតតម្រូវការសម្រាប់ការរៀបចំទីតាំងស្នាក់នៅបណ្តោះអាសន្ន ការផ្តល់ជំនួយមនុស្សធម៌ និងការគាំទ្រផ្នែកសេវាសាធារណៈ និងជីវភាពរស់នៅ។

ក្នុងស្ថានភាពនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធបានបន្តសហការ និងសម្របសម្រួលការឆ្លើយតប ដើម្បីធានាសុវត្ថិភាព សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់។

ដើម្បីឆ្លើយតបនឹងស្ថានភាព និងហានិភ័យខាងលើ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានជំរុញបន្តពង្រឹងការដឹកនាំ សម្របសម្រួល និងការ អនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយនៅគ្រប់ដំណាក់កាល ចាប់ពីការកាត់បន្ថយហានិភ័យ ការត្រៀម បង្ការ និងត្រៀមបម្រុង ការឆ្លើយតប សង្គ្រោះបន្ទាន់ រហូតដល់ការស្តារ និងកសាងឡើងវិញក្រោយគ្រោះមហន្តរាយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia