ព័ត៌មាន
ភ្នាក់ងាររាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ក្រុងឡាអេ ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ នៃ UNCLOS នៅថ្ងៃស្អែក
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររបស់រាជរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូជំនាញ នៅថ្ងៃទី១៣ ខែតុលា នេះ បានអញ្ជើញដល់ក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បានបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់កម្ពុជាមួយក្រុមទៀត ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើដំណើរទៅដល់ទីក្រុងឡាអេ នៃប្រទេសហូឡង់ហើយ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំលើកទី២របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទដែនសមុទ្ររវាងកម្ពុយជានិងថៃ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៨ ខែតុលា ឆ្នាំ២០២៦។ ផ្អែកលើមូលដ្ឋាននៃការពិភាក្សាប្រកបដោយស្ថាបនានៅក្នុងកិច្ចប្រជុំលើកទី១ នៅឯប្រទេសសិង្ហបុរី កិច្ចប្រជុំលើកនេះនឹងផ្ដល់ឱកាសដល់ភាគីទាំងពីរស្វែងរកមធ្យោបាយដើម្បីសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀត និងរកឃើញចំណុចដែលឯកភាពគ្នាពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងាររបស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់រួចហើយពីជំហររបស់កម្ពុជាថា គោលបំណងចម្បងរបស់កម្ពុជាគឺសម្រេចដំណោះស្រាយមួយដែលបម្រើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមក្នុងតំបន់។ កម្ពុជាមានចេតនាចុះសន្ធិសញ្ញាជាមួយថៃដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលគ្របដណ្ដប់លើគ្រប់គោលបំណងរវាងរដ្ឋទាំងពីរ ឬកិច្ចព្រមព្រៀងស្ដីពីការអភិវឌ្ឍរួម និងការបែងចែកធនធាន ប្រកបដោយសមធម៌ក្នុងអំឡុងពេលរង់ចាំការឈានដល់កិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្ររបស់ប្រទេសទាំងពីរ។
ក្នុងករណីមិនអាចសម្រេចបាននូវជម្រើសណាមួយដូចបានលើកឡើងខាងលើ កម្ពុជាស្នើសុំគណៈកម្មការផ្សះផ្សារៀបចំអនុសាសន៍ដែលអាចប្រើជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគតស្របតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវជំនឿទុកចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការផ្សះផ្សានេះ និងមានជំនឿយ៉ាងមុតមាំថា ច្បាប់អន្តរជាតិនឹងផ្តល់មូលដ្ឋានគ្រឹះសម្រាប់ដោះស្រាយវិវាទរវាងរដ្ឋនិងរដ្ឋដោយសន្តិវិធី។
ដំណើរបេសកកម្មការទូតនៅលើឆាកអន្តរជាតិរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងប្រមុខការទូតកម្ពុជានាពេលនេះ គឺជាសកម្មភាពការទូតសកម្មរស់រវើក និងឥតឈប់ឈររបស់រាជរដ្ឋាភិបាលដើម្បីស្វះស្វែងរកការពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី និងនាំប្រយោជន៍ដល់ជាតិ មាតុភូមិលើគ្រប់វិស័យ និងដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី ក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា៕


-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន7 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ