Connect with us

ព័ត៌មាន

អ្នកវិភាគ៖ ទស្សនកិច្ច​សម្តេចធិបតី​ទៅ​តំបន់អឺរ៉ុប​នឹង​បង្កើន​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រឹត​តែ​ខ្លាំងរ​វាង​អឺរ៉ុប​-កម្ពុជា

អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានបង្ហាញ​សុទិដ្ឋិនិយម​ចំពោះដំ​ណើរ​បំពេញ​ទស្សន​កិច្ច​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅតំបន់អឺរ៉ុបខាងកើត គឺពិតជា​មាន​សារ​សំខាន់​ក្នុង​ការ​ពង្រីកសក្តានុពល ពង្រឹងសមត្ថភាព បង្កើនការផ្សារភ្ជាប់​ទំនាក់​ទំនង​រឹ​ត​តែ​ខ្លាំង​ក្លា​ជា​មួយ​តំបន់អឺរ៉ុប។

លោក ហេង ម៉េងលី អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងថា ដំណើរ​បំពេញ​ទស្សន​កិច្ច​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅតំបន់អឺរ៉ុបខាងកើត គឺពិតជាមានសារសំខាន់សម្រាប់កម្ពុជា ក្នុង​បរិបទភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ននេះ ដែលកំពុងតែមានការប្រែប្រួល។ ហើយ​ដំណើរ​ទស្សនកិច្ចនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាការធ្វើពិពិធកម្មសេដ្ឋកិច្ច អាច​កាត់​បន្ថយតម្លៃប្រេងឥន្ធនៈថាមពល ជំរុញការផ្សារភ្ជាប់ទំនាក់ទំនងប្រជាជន កំណើនទេសចរណ៍ និង​ជា​ពិសេសវិស័យការពារជាតិ។

លោក ហេង ម៉េងលី បានបញ្ជាក់ថា សារៈសំខាន់ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ទៅ​តំបន់​អឺរ៉ុប​ខាងកើត គឺមិនត្រឹមតែជាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា អាស៊ែបៃហ្សង់ តួគីយ៉េ និង​កាហ្សាក់​ស្ថាន ជារួមនឹងមាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ថែម​ទៀត​ទៅ​លើ​វិស័យ​ការពារ​ជាតិ​ក្នុង​ឋានៈ​ជា​រដ្ឋមាន​អធិបតេយ្យភាពមានបូរណភាពទឹកដីដែលមានការកំណត់ដោយច្បាប់អន្តរជាតិ ទទួល​ស្គាល់​ដោយ​អន្តរជាតិ។ ក្នុងបរិការនេះទៀតសោត កម្ពុជាក៏ភ្ជាប់បញ្ហា​ព្រំដែន​ដែល​ត្រូវ​បាន​ឈ្លាន​ពាន​ដោយ​ប្រទេសថៃ ក្នុងការលើកឡើង​ក្នុង​អង្គ​ប្រជុំ​សន្និសីទ​ដើម្បី​ធានា​ការពារ​សន្តិសុខ​ប្រទេស​ជាតិ​របស់​រដ្ឋ​នីមួយៗនៅក្នុងតំបន់ ក៏ដូចជាការប៉ះទង្គិចនៅក្នុងតំបន់មិនថានៅអាស៊ីអាគ្នេយ៍ ឬក៏​អាស៊ី​កណ្តាល និងអឺរ៉ុបខាងកើតទេ៕ អត្ថបទ៖ វង្ស សុភាព 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia