Connect with us

ព័ត៌មាន

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ៖ សមត្ថកិច្ចកម្ពុជាកំពុងស្រាវជ្រាវស៊ើបអង្កេតចំពោះបុគ្គលឈ្មោះ Deng Pibing សង្ស័យពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ Long Bay

ភ្នំពេញ៖ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បញ្ជាក់ប្រាប់ BTV នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ថា ចំពោះករណីតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាមិនបានបណ្តែតបណ្តោយឱ្យទីតាំងនេះ ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាក់ស្តែងកាលពីខែកុម្ភៈ ឆ្នាំ ២០២៦ សមត្ថកិច្ចបានរកឃើញអគារមួយចំនួននៅក្នុងបរិវេណសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងសកម្មឆបោកអនឡាញ ដែលពួកក្រុមឧក្រិដ្ឋជនបានរត់គេចចេញ និងបន្សល់ទុកនូវភស្តុតាងជាច្រើនមានការជាប់សង្ស័យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយអាជ្ញាធរបានរឹបអូសវត្ថុតាង ដើម្បីបម្រើការស្រាវជ្រាវសើបអង្កេត ព្រមទាំងបានបិទសៀល និងគ្រប់គ្រងទីតាំងខាងលើនេះយ៉ាងម៉ត់ចត់។

ឯកឧត្តមបានបន្តថា កាលពីកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យ និងតាមដានវឌ្ឍនភាពដោយផ្ទាល់នៅតាមទីតាំង ដែលសមត្ថកិច្ចកំពុងគ្រប់គ្រងក្នុងខេត្តកោះកុង និងបានណែនាំឱ្យអាជ្ញាធរសមត្ថកិច្ច ទទួលខុសត្រូវ គ្រប់គ្រងទីតាំង វត្ថុតាង និងសើបអង្កេតឱ្យបានម៉ឺងម៉ាត់បំផុត។

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា ចំពោះបុគ្គលមានឈ្មោះ Deng Pibing សមត្ថកិច្ចកម្ពុជាបាននិងកំពុងស្រាវជ្រាវសើបអង្កេត សកម្មភាពសង្ស័យពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា បុគ្គលឈ្មោះ Deng Pibing បានចាកចេញពីប្រទេសកម្ពុជាតាំងពីអំឡុងចុងខែឧសភា ឆ្នាំ២០២៦។ តាមប្រភពព័ត៌មានជំនាញ បានរកឃើញថា បុគ្គលឈ្មោះ Deng Pibing នេះត្រូវបាននគរបាលអន្តរជាតិ Interpol ដាចេញ និវេទក្រហម (red list) ។

ឯកឧត្តមបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការអនុវត្តច្បាប់ ដើម្បីបន្តបង្ក្រាប និងបោសសម្អាត សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ យុទ្ធនាការជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអនុវត្តវិធានការច្បាប់ទាំងក្នុងការបង្ក្រាបដល់ទីតាំង ការផ្តន្ទាទោសតាមផ្លូវតុលាការចំពោះមេខ្លោងនិង អ្នកពាក់ព័ន្ធ ការបង្កកទ្រព្យសម្បត្តិរបស់ឧក្រិដ្ឋជន ហើយបាននិងកំពុងបន្តការសើបអង្កេតយ៉ាងយកចិត្ត ទុកដាក់លើសំណុំរឿងជាច្រើននៅតុលាការ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia