Connect with us

ព័ត៌មាន

សម្ដេចធិបតី៖រយៈពេល៤ថ្ងៃហើយ មិនទាន់បានឃើញលោក អ៊ុ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេចនៅឡើយទេ

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី ១៣ ខែតុលានេះ បានចេញសារបញ្ជាក់ថា រយៈពេល៤ថ្ងៃហើយ មិនទាន់បានឃើញលោក អ៊ុ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច។

សម្ដេចធិបតីបានបញ្ជាក់ថា មកដល់ពេលនេះ គឺរយៈពេល៤ថ្ងៃហើយ ដែលខ្ញុំមិនទាន់បានឃើញលោក អ៊ុ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។

សម្ដេចបានបន្តថា ឃើញតែគាត់ចេញសារជាច្រើនក្នុងប៉ុន្មានថ្ងៃមកនេះ ម្តងថាខ្លាចគេលបបាញ់គាត់ ឬវ៉ៃគាត់បែកក្បាល ម្តងថាគាត់ព្រមចាញ់ ដើម្បីខ្មែរឈ្នះ។ល។ ហើយចុងក្រោយនេះ ឃើញទៅពឹងអង្គការចាត់តាំងក្រៅច្បាប់មួយ មកដាក់ជាល័ក្ខណវែងអន្លាយជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលហាក់ដូចជាលក្ខ័ណ្ឌដើម្បីដោះខ្លួនចេញពីការអញ្ចើញអោយមកជជែកគ្នាបញ្ជាក់តំបន់តូចមួយនៃខ្សែព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ ៥២ និង ៥៩ ដែលគាត់ចោទថាមន្ត្រីជំនាញព្រំដែនរបស់រាជរដ្ឋាភិបាលបានលួចអោយថៃបោះបង្គោលចូលដីខ្មែរ។ បើគ្រាន់តែបញ្ជាក់លើដីប៉ុន្មានគីឡូម៉ែត្រ គាត់មិនហ៊ានមកជជែកឬមិនមានឯកសារមកជជែកផង តើរំពឹងថាគាត់អាចធ្វើលើព្រំដែនទាំងមូលទេ។

សម្ដេចបានថ្លែងថា នៅរង់ចាំចម្លើយច្បាស់លាស់ពីគាត់ពាក់ព័ន្ធនឹងការអញ្ជើញមកជជែកគ្នាករណីព្រំដែន កម្ពុជា-ថៃ ចន្លោះបង្គោលលេខ ៥២ និង ៥៩៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia