Connect with us

ព័ត៌មាន

គ្រួសារកូនភ្លោះបីនាក់នៅខេត្តមណ្ឌលគិរី ទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត

នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ត្រូវបាននាំយកទៅប្រគល់ជូនគ្រួសារដែលសម្រាលបានកូនភ្លោះបីនាក់ និងកំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ក្រោមការដឹកនាំរបស់ ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី។

ពិធីប្រគល់អំណោយនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត មន្ត្រីរាជការ និងយុវជនជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម សេង ទៀង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពី សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនចំពោះក្រុមគ្រួសារកូនភ្លោះ និងប្រជាពលរដ្ឋទាំងអស់។

ឯកឧត្តមបានមានប្រសាសន៍ថា ការឧបត្ថម្ភគាំទ្រដល់គ្រួសារដែលសម្រាលបានកូនភ្លោះបីនាក់ ឬបួននាក់ គឺជាសកម្មភាពមនុស្សធម៌ដែលបង្ហាញពីទឹកចិត្តសណ្តោសប្រណី និងការគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ។ គិតមកដល់បច្ចុប្បន្ន កម្មវិធីមនុស្សធម៌នេះមានរយៈពេលជាង ២៧ឆ្នាំហើយ ដោយមានគ្រួសារដែលសម្រាលបានកូនភ្លោះបីនាក់ ឬបួននាក់ សរុបចំនួន ៤៤៣គ្រួសារ បានទទួលការឧបត្ថម្ភជួយជ្រោមជ្រែង ដើម្បីរួមចំណែកដោះស្រាយការលំបាកក្នុងជីវភាព ជាពិសេសការចិញ្ចឹមបីបាច់ថែរក្សាកូនៗ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការឧបត្ថម្ភនេះធ្វើឡើងដោយស្មើភាពគ្នា ដោយមិនប្រកាន់វណ្ណៈ ឬពូជសាសន៍ឡើយ គឺផ្តល់ជូនគ្រួសារដែលសម្រាលបានកូនភ្លោះបីនាក់ ឬបួននាក់នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ មរតកនៃស្មារតីមនុស្សធម៌ដ៏ថ្លៃថ្លានេះ ក៏ត្រូវបានបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផងដែរ។

អំណោយដែលបានផ្តល់ជូនគ្រួសារកូនភ្លោះបីនាក់ រួមមាន៖

ថវិកាចំនួន ១០.០០០.០០០រៀល (ដប់លានរៀល)

អង្ករចំនួន ៥០គីឡូក្រាម

ទឹកដោះគោចំនួន ២កេសធំ

ស្ករសចំនួន ៥គីឡូក្រាម

សារុងចំនួន ២

ក្រមាចំនួន ២

ជាការឆ្លើយតប គ្រួសារកូនភ្លោះបីនាក់បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងបានផ្តល់ការឧបត្ថម្ភគាំទ្រដល់គ្រួសារដែលជួបការលំបាកក្នុងជីវភាព។

សកម្មភាពមនុស្សធម៌នេះបានរួមចំណែកជួយសម្រាលបន្ទុកជីវភាពរបស់គ្រួសារ និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាពមាតា និងទារកក្នុងសង្គម៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia