Connect with us

ព័ត៌មាន

យុវជន៖ ការចុះឈ្មោះបំពេញកាតព្វកិច្ចយោធាតាម online ចំណេញពេល និងមានប្រសិទ្ធភាពខ្ពស់

យុវជន ពេញចិត្ត ការដាក់ឱ្យដំណើរការ ការចុះឈ្មោះស្ម័គ្រចិត្ត សុំចូលបំពេញកាតព្វកិច្ចយោធាតាម Online ពីព្រោះផ្ដល់ភាពងាយស្រួល ចំណេញពេលវេលា លឿនរហ័ស និងងាយផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួន។

កញ្ញា ទិត្យ បញ្ញាវតី រស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រាប់ BTV នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ ថា កញ្ញាបានសាកល្បង ចុះឈ្មោះសុំចូលបំពេញកាតព្វកិច្ចយោធា តាមអនឡាញ ឃើញថា មានភាពងាយស្រួល ព្រោះមានការណែនាំជាភាសាខ្មែរ។ កញ្ញា យល់ថា ការបន្ថែមជម្រើសក្នុងការស្នើសុំចុះឈ្មោះបែបនេះ ចំណេញពេលវេលាច្រើនសម្រាប់យុវជន ដែលរវល់ក្នុងការសិក្សា និងកំពុងធ្វើការងារ អាចដាក់ពាក្យតាមអនឡាញ និងរង់ចាំតែមកទទួលបង្កាន់ដៃ នៅមូលដ្ឋានកងរាជអាវុធហត្ថ។

លោក ធារិទ្ធ ដារីម រស់នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលបានចុះឈ្មោះ សុំចូលបំពេញកាតព្វកិច្ចយោធា តាមអនឡាញ មួយរូបទៀតប្រាប់ថា ក្រោយពីទទួលដំណឹង កាលពីថ្ងៃទី១៣ ខែតុលា ម្សិលមិញ ពីការដាក់ឱ្យដំណើរការចុះឈ្មោះសុំចូលបំពេញកាតព្វកិច្ចយោធាតាមអនឡាញ លោកគិតថា អាចលំបាកខ្លាំង ព្រោះមិនសូវពូកែផ្នែកបច្ចេកវិទ្យា។ ប៉ុន្ដែក្រោយពីបានចុះឈ្មោះដោយផ្ទាល់ នីតិវិធីមិនលំបាកនោះឡើយ ងាយស្រួល លឿនរហ័ស ក្នុងការផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនថែមទៀតផង។

លោក ឌី ឈុនហ៊ី រស់នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ដែលបានដាក់ពាក្យ បំពេញកាតព្វកិច្ចយោធារួចហើយ បានអះអាង ថា លោក ប្ដេជ្ញាជម្នះរាល់ការលំបាក ខិតខំសិក្សាជំនាញ ដើម្បីក្លាយជាធនធានមនុស្សមានសមត្ថភាព ការពារជាតិ និងប្រជាជន។ ហើយក្នុងកាលៈទេសៈ ដែលប្រទេសជាតិ នៅតែរងការគំរាមកំហែងពីបរទេស យុវជនអំពាវនាវ ដល់ពលរដ្ឋទូទាំងប្រទេស បន្តពង្រឹងសាមគ្គីជាតិ ជឿជាក់លើរាជរដ្ឋាភិបាល។

លោក​ វីរៈ បុត្រ ពលរដ្ឋនៅក្រុងតាខ្មៅមួយរូបទៀត អំពាវនាវដល់យុវជន ដែលមិនទាន់ទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ត្រៀមខ្លួនឱ្យរួចរាល់ដើម្បីចូលរួមជាកម្លាំងការពារជាតិ។ ហើយអាចចុះឈ្មោះបានដោយខ្លួនឯង តាមរយៈប្រព័ន្ធអនឡាញ ដែលមាននីតិវិធីងាយស្រួល លឿនរហ័ស មិនចំណាយពេលយូរ។ លោកអំពាវនាវ ដល់ពលរដ្ឋខ្មែរ ចងចាំការឈឺចាប់ ដែលយោធាថៃឈ្លានពាន បន្តពហិការផលិតផល និងរក្សាស្មារតីសាមគ្គីជាតិ ឈរជាមួយរាជរដ្ឋាភិបាល ការពារអធិបតេយ្យជាតិ។

សូមជម្រាបជូន ថា នៅពេលកំពុងដំណើរការចុះឈ្មោះ សុំចូលបំពេញកាតព្វកិច្ចយោធា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ឆ្នាំ២០២៦នេះ ដើម្បីសម្រួលដល់ដំណើរការសុំចុះឈ្មោះ ក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី១៣ ខែតុលា ម្សិលមិញ​ បានប្រកាសបើកដំណើរការ ការចុះឈ្មោះបំពេញកាតព្វកិច្ចយោធា តាមប្រព័ន្ធ online ជាជម្រើសបន្ថែម សម្រាប់យុវជនស្ម័គ្រចិត្ត ដែលគ្រប់អាយុចូលបំពេញកាតព្វកិច្ចយោធា ពី ១៨ ដល់ ២៥ឆ្នាំ តាមរយៈអាស័យដ្ឋាន www.nmsc.gov.kh ។ ក្រោយពីចុះឈ្មោះតាមប្រព័ន្ធ online តាមជំហានដែលក្រសួងណែនាំរួចរាល់ យុវជន ត្រូវមកទទួលបង្កាន់ដៃ នៅមូលដ្ឋានកងរាជអាវុធហត្ថ ដែលខ្លួនបានដាក់ពាក្យ ដោយត្រូវយកឯកសារដើមទៅផ្ទៀងផ្ទាត់ជាមួយអាជ្ញាធរ៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia