ព័ត៌មាន
អនុប្រធានទី១ អាជ្ញាធរមីន៖ ចាប់ពីឆ្នាំ១៩៩៣ អាល្លឺម៉ង់បានគាំទ្រការបោសសម្អាតមីនលើផ្ទៃដីជាង ៥៨គីឡូម៉ែត្រការ៉េ និងផ្តល់ប្រយោជន៍ដល់ពលរដ្ឋកម្ពុជាប្រមាណ ៥០ម៉ឺននាក់
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ក្នុងឱកាសដែលលោកជំទាវចាប់ផ្តើមបេសកកម្មការទូតថ្មី។ ជំនួបនេះ ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីនមនុស្សធម៌ និងការបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត លី ធុជ បានស្វាគមន៍លោកជំទាវឯកអគ្គរដ្ឋទូត និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣។ ឯកឧត្តមបានចាត់ទុកអាល្លឺម៉ង់ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងយូរអង្វែង ដែលបានរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងបង្កើនសុវត្ថិភាព និងឱកាសអភិវឌ្ឍន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៣ ការគាំទ្ររបស់អាល្លឺម៉ង់បានរួមចំណែកដល់ការបោសសម្អាតផ្ទៃដីជាង ៥៨ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត ដោយបានរកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ៣១.៧៨៣ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៤២៧ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៧៣.៣៤៩ គ្រាប់ និងមានប្រជាពលរដ្ឋប្រមាណ ៥០ ម៉ឺននាក់ ទទួលបានផលប្រយោជន៍។
បន្ថែមលើនេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានគាំទ្រយ៉ាងសកម្ម ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា កាលពីឆ្នាំ២០២៤ កន្លងទៅ។
ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា ការគាំទ្ររបស់អាល្លឺម៉ង់មិនត្រឹមតែបានរួមចំណែកដល់សមិទ្ធផលជាប្រវត្តិសាស្ត្រនៃវិស័យសកម្មភាពមីននៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចូលរួមកសាងអនាគតប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍសម្រាប់ប្រជាជនកម្ពុជាផងដែរ។
ជាការឆ្លើយតប លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ បានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាពរបស់កម្ពុជា និងការរស់នៅប្រកបដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋលើផ្ទៃដីដែលបានបោសសម្អាតរួច។ លោកជំទាវក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តមនុស្សធម៌របស់អាល្លឺម៉ង់ក្នុងការគាំទ្រវិស័យសកម្មភាពមីន និងបានបង្ហាញចំណាប់អារម្មណ៍ចំពោះកម្មវិធីអប់រំផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះដល់សហគមន៍ ដែលជាវិធានការដ៏សំខាន់ក្នុងការបង្ការគ្រោះថ្នាក់ និងការពារអាយុជីវិតប្រជាពលរដ្ឋ បន្ថែមលើការងារបោសសម្អាត៕



-
ព័ត៌មាន5 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន5 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន4 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣