ព័ត៌មាន
កម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលសម្រេចគោលដៅអេដស៍ ៩៥-៩៥-៩៥
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអះអាងថា កម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលសម្រេចគោលដៅអេដស៍ ៩៥-៩៥-៩៥។

ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី យ៉ាងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំ ក្រុមការងារអន្តរក្រសួងតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព ស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០២៥។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ដែលជាសមាជិកក្រុមការងារអន្តរក្រសួង ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ការជួបប្រជុំនៅថ្ងៃនេះ គឺដើម្បីពិនិត្យលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព ស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០២៥ មុននឹងដាក់ជូនទីស្តីការគណៈរដ្ឋមន្រ្តី។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា តាមការបញ្ជាក់ពី អង្គការយូអិនអេដស៍ កម្ពុជា គឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលបានសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ (៩៥% នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ដែលដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួនបានទទួលសេវាព្យាបាល និងថែទាំមេរោគអេដស៍ និង៩៥% នៃអ្នកបានព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍មានបន្ទុកមេរោគអេដស៍កម្រិតទាប)។ ប៉ុន្តែ ទន្ទឹមនឹងនេះយើងនៅមានការព្រួយបារម្ភអំពីការឆ្លងថ្មីក្នុងចំណោមយុវវ័យដែលមានអត្រាខ្ពស់ ហើយនៅតែមានហានិភ័យខ្ពស់ផងដែរ ដោយសារការមិនទទួលបានសារពីការបង្ការការចម្លងមេរោគអេដស៍។ យើងនឹងខិតខំរកវិធីដោះស្រាយ ដើម្បីឱ្យការបង្ការការចម្លងកាន់តែធ្លាក់ចុះ។ បន្ថែមលើនេះ យើងក៏មានកង្វល់ពីបញ្ហាថវិកាឆ្លើយតបនឹងមេរោគអេដស៍ ដោយសារសង្រ្គាម និងវិបត្តិដែលបានកើតឡើងជាបន្តបន្ទាប់ ព្រមទាំងការធ្លាក់ចុះនៃថវិកាជំនួយពីដៃគូអន្តរជាតិ។ ដូច្នេះ បន្ទាប់ពីកិច្ចប្រជុំនេះយើងនឹងរៀបចំឱ្យមាន កិច្ចប្រជុំក្រុមការងារចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ដើម្បីរកច្រកចេញបន្តទៀត។
មុននឹងប្រកាសបើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានស្នើសមាជិក សមាជិកាកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ និងលើកសំណើប្រសិនបើមាន ដើម្បីឱ្យសេចក្តីព្រាងបានកាន់តែគ្រប់ជ្រុងជ្រោយ។ គួរបញ្ជាក់ថា នៅក្នុងសេចក្តីព្រាងរបាយការណ៍ឆ្នាំ២០២៥រួមមាន ស្ថានភាពនៃមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា វឌ្ឍនភាពនៃការឆ្លើយតបនៅក្នុងឆ្នាំ២០២៥ បញ្ហាប្រឈម ដំណោះស្រាយ សំណូមពរ និងសេចក្តីសន្និដ្ឋាន៕ អត្ថបទ រដ្ឋា


-
ព័ត៌មាន5 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន5 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន4 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣