Connect with us

ព័ត៌មាន

ពលរដ្ឋអំពាវនាវសប្បុរសជនបន្តបរិច្ចាគជួយមន្ទីរពេទ្យគន្ធបុប្ផា ខណៈកុមារជាច្រើនចូលពិនិត្យ និងព្យាបាលក្រោយភ្ជុំបិណ្ឌ

ក្រុមប្រជាពលរដ្ឋជាអាណាព្យាបាល ដែលបាននិងកំពុងនាំកូនចៅមកទទួលសេវាសុខាភិបាល បានចេញមុខបន្តអំពាវនាវយ៉ាងទទូចដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ឱ្យបន្តចូលរួមបរិច្ចាគថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីធានានិរន្តរភាពនៃការពិនិត្យ និងព្យាបាលជំងឺដល់កុមារខ្មែរដោយឥតគិតថ្លៃ ស្របពេលដែលមន្ទីរពេទ្យមួយនេះកំពុងបន្តទទួលបន្ទុកមើលថែកុមាររាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។

ការចេញមុខអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសដែលលំហូរនៃអ្នកជំងឺកុមារបានកើនឡើងយ៉ាងខ្លាំង ពិសេសបន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ ដែលមានកុមារតូចៗចំនួនជាង ៥ ៥០០នាក់ បានជួបប្រទះបញ្ហាសុខភាព និងតម្រូវឱ្យមានការសម្រាកព្យាបាល និងថែទាំយ៉ាងដិតដល់ពីសំណាក់ក្រុមគ្រូពេទ្យ។

ជួបសម្ភាសន៍នៅមន្ទីរពេទ្យគន្ធបុប្ផា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ ក្រុមអាណាព្យាបាល បានរៀបរាប់ឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាដង្ហើមរបស់របស់កុមារគ្រប់រូប និងកុមារក្រីក្រជាច្រើនទៀត។ នៅទីនេះ គ្រូពេទ្យមានការយកចិត្តទុកដាក់ខ្លាំងណាស់ ហើយការពិនិត្យនិងព្យាបាលក៏មិនតម្រូវឱ្យបង់ប្រាក់សូម្បីមួយរៀល។

ក្រុមអាណាព្យាបាល បាននិយាយឱ្យដឹងទៀតថា បើគ្មានមន្ទីរពេទ្យគន្ធបុប្ផាទេ ច្បាស់ណាស់ ក៏នឹងជួបវិបត្តិហិរញ្ញវត្ថុ ព្រោះតម្លៃព្យាបាលនៅខាងក្រៅមានតម្លៃខ្ពស់ ហើយពេលខ្លះក៏មើលមិនកូនៗរបស់ពួកគាត់មិនជាសះស្បើយថែមទៀត។ ក្រុមអាណាព្យាបាល បានអំពាវនាវឱ្យមានការចូលរួមបរិច្ចាគរបស់សប្បុរសជន និងវិស័យឯកជននានាថែមទៀត ព្រោះថវិកាដែលផ្តល់ជូនមន្ទីរពេទ្យ ពិតជាបានជួយសង្គ្រោះជីវិតកុមារ និងជួយសម្រាលទុក្ខលំបាករបស់ឪពុកម្តាយគ្រប់រូបយ៉ាងពិតប្រាកដ។

គន្ធបុប្ផា គឺជាមន្ទីរពេទ្យកុមារលំដាប់ស្តង់ដារដ៏ធំធេងនៅកម្ពុជា ដែលបានដើរតួនាទីជាខែលការពារសុខុមាលភាពកុមាររាប់លាននាក់។ ទោះបីជាទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីរាជរដ្ឋាភិបាល តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជាការឧបត្ថម្ភពីវិស័យឯកជនយ៉ាងណាក្តី ប៉ុន្តែដោយសារទំហំនៃការផ្តល់សេវាឥតគិតថ្លៃមានទំហំធំធេងរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ធ្វើឱ្យមន្ទីរពេទ្យនៅតែត្រូវការជាចាំបាច់នូវការរួមចំណែកបន្ថែមពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia