Connect with us

ព័ត៌មាន

វេជ្ជបណ្ឌិតឯកទេស រំឭកស្រ្ដីមានផ្ទៃពោះកុំទិញថ្នាំលេបគ្មានវេជ្ជបញ្ជា អាចបង្កគ្រោះថ្នាក់ដល់ជីវិតទារក

វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្រ្ដី ក្រើនរំឭដល់ស្រ្ដីមានផ្ទៃពោះ កុំទិញថ្នាំលេបដោយខ្លួនឯង ពិសេសអំឡុងពេលមានជំងឺផ្ដាសាយ ពីព្រោះការលេបថ្នាំច្រើនប្រភេទក្នុងពេលតែមួយ បង្កគ្រោះថ្នាក់ខ្លាំងដល់ការលូតលាស់ និងជីវិតរបស់ទារកក្នុងផ្ទៃ។

លោកវេជ្ជបណ្ឌិត សួង ពិទូ ឯកទេសសម្ពព និងរោគស្រ្ដី នៃមន្ទីរពេទ្យបង្អែកជ័យជំនះ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រាប់ BTV នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ ថា ស្រ្ដីមានផ្ទៃពោះត្រូវយកចិត្តទុកដាក់ខ្ពស់អំឡុងពេលពពោះ ទី១ ស្រ្ដីត្រូវមកកាន់មន្ទីរពេទ្យជាប្រចាំដើម្បីពិនិត្យសុខភាពម្ដាយ និងទារក។ ទី២ ត្រូវយកចិត្តទុកដាក់ផ្លូវចិត្ត ពីព្រោះស្រ្ដីអំឡុងពេលមានផ្ទៃពោះតែងតែមានអារម្មណ៍ឆេវឆាវ ដែលទាមទារការយកចិត្តទុកដាក់ពីក្រុមគ្រួសារ និងទី៣ ស្រ្ដីត្រូវចាក់ថ្នាំបង្កា ដូចជាវ៉ាក់សាំងតេតាណូស និងវ៉ាក់សាំងផ្ដាសាយជាដើម។

លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ជាទូទៅសុខភាពស្រ្ដីមានផ្ទៃពោះ ត្រូវបានចាត់ថ្នាក់ ជាក្រុមងាយរគ្រោះ ពីព្រោះអំឡុងពេលពពោះ ស្រ្ដីងាយឆ្លងជំងឺ ពិសេសគឺជំងឺផ្ដាសាយតាមរដូវកាល និងជំងឺផ្លូវដង្ហើម។ លោកវេជ្ជបណ្ឌិត បន្តថា ស្រ្ដីអំឡុងពេលមានផ្ទៃពោះ មិនថា ឈឺជំងឺអ្វីនោះទេ មិនត្រូវផ្សំថ្នាំលេបដោយគ្មានវេជ្ជបញ្ជា ពីគ្រូពេទ្យជំនាញនោះឡើយ ពិសេសគឺជំងឺផ្ដាសាយ។ លោកសង្កត់ធ្ងន់ ថា ការផ្សំថ្នាំព្យាបាលជំងឺផ្ដាសាយដោយខ្លួនឯង សម្រាប់ស្រ្ដីមានផ្ទៃពោះ បង្កហានិភ័យខ្ពស់ ទាំងសុខភាពខ្លួនឯង និងទារក ពិសេសគឺប៉ះពាល់ខ្លាំងដល់ការរលូត ការសម្រាលមិនគ្រប់ខែ មិនគ្រប់គីឡូ ពិការភាព ឬទារកស្លាប់ក្នុងផ្ទៃ។ លោកវេជ្ជបណ្ឌិត ទទូចដល់ស្រ្ដីមានផ្ទៃពោះ កុំផ្សំថ្នាំដោយខ្លួនឯង នឹងត្រូវមកកាន់មន្ទីរពេទ្យពិគ្រោះជំងឺរាល់ពេលមានជំងឺ ឬអាការៈមិនស្រួលខ្លួន។

អ្នកស្រី ទ្រីស អាស៊ី រស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រាប់ថា អ្នកស្រីកំពុងពពោះកូនទី៣។ អ្នកស្រីចាប់តាំងពីមានកូនដំបូង គឺតែងតែមកពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពរបស់រដ្ឋ ពីព្រោះអ្នកស្រីពេញចិត្តសេវា ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកស្រី។ អ្នកស្រីបញ្ជាក់ ថា អំឡុងពេលមានផ្ទៃពោះ នៅពេលមានជំងឺណាមួយ ពិសេសជំងឺតាមរដូវកាល អ្នកស្រីមិនដែលផ្សំថ្នាំ ដោយមិនបានពិគ្រោះជាមួយគ្រូពេទ្យជាមុននោះឡើយ ពីព្រោះអ្នកស្រីបារម្ភពីផលប៉ះពាល់ដល់កូននៅក្នុងផ្ទៃ។

ចំណែកស្រ្ដីមានផ្ទៃពោះមួយរូបទៀត ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម និងមករស់នៅក្រុងតាខ្មៅ បានប្រាប់ថា អ្នកស្រីទើបតែមានកូនដំបូង។ អ្នកស្រីបានមកពិនិត្យផ្ទៃពោះជាទៀងទាត់តាមការណាត់របស់គ្រូពេទ្យ និងទទួលថ្នាំបង្កាគ្រប់ចំនួនតាមការណែនាំ។ អ្នកស្រីពេញចិត្តចំពោះការផ្ដល់សេវានៅមណ្ឌលសុខភាពរបស់រដ្ឋ ដែលណែនាំពីវិធានការការពារសុខភាពច្បាស់លាស់ ពិសេសគឺការប្រើប្រាស់ថ្នាំ អំឡុងពេលមានផ្ទៃពោះ។ អ្នកស្រីអរគុណរាជរដ្ឋាភិបាល ដែលបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យល្អ និងការផ្ដល់សេវាពិនិត្យ ព្យាបាលយកចិត្តទុកដាក់ខ្ពស់សម្រាប់អ្នកស្រី និងពលរដ្ឋផ្សេងៗទៀត ពិសេសគឺពលរដ្ឋដែលប្រើបណ្ណសមធម៌សុខាភិបាល។

វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្រ្ដី ណែនាំដល់ស្រ្ដីមានផ្ទៃពោះ ធ្វើការពិនិត្យផ្ទៃពោះឱ្យទៀងទាត់ និងត្រូវមកជួបពេទ្យជំនាញប្រសិនបើមានអាការៈមិនស្រួលខ្លួន ដើម្បីតាមដានសុខភាពទាំងម្ដាយ និងទារក ដើម្បីទទួលវិជ្ជបញ្ជថ្នាំ ដែលមានសុវត្ថិភាពទាំងសុខភាពម្ដាយ និងការលូតលាស់របស់ទារក។ បច្ចុប្បន្ននេះជំងឹផ្ដាសាយហាក់កើនឡើង ក្រសួងសុខាភិបាល ក្រើនរំឭកដល់ពលរដ្ឋ ពិសេសស្រ្ដីមានផ្ទៃពោះ កុមារ មនុស្សចាស់ និងអ្នកដែលមានភាពស៊ាំចុះខ្សោយ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ត្រូវរស់នៅដោយរក្សាអនាម័យខ្ពស់ ផឹកទឹកឱ្យបានច្រើន និងត្រូវមកជួបពេទ្យភ្លាមៗ ក្នុងករណីក្ដៅខ្លួនខ្លាំងលើសពី ៣៨អង្សាសេ ពិបាកដកដង្ហើម ឬឈឺទ្រូង និងមានអាការៈក្អកខ្លាំងមានកំហាកខុសប្រក្រតី ឬមានឈាម​៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia