Connect with us

ព័ត៌មាន

ពលរដ្ឋវ័យចាស់​ចងចាំ និងដឹងគុណជានិច្ចចំពោះព្រះបរមរតនកោដ្ឋ លើ​ព្រះរាជ​សកម្ម​ភាព​ទាមទារ​ឯករាជ្យ និងកសាងជាតិ

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ គឺជាថ្ងៃគម្រប់ខួប ១៤ឆ្នាំ ដែលសម្តេចឪ, សម្តេចតា, សម្តេច​តាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ «ព្រះ​បរម​រតន​កោដ្ឋ»​ ព្រះអង្គបានសោយទិវង្គត។ ប្រជានុរាស្ត្រវ័យចាស់ នៅថ្ងៃនេះដែ​រ​បាន​សម្តែង​ការ​ចង​ចាំ​ជា​និច្ច​មិនអាចភ្លេចបាន​នូវព្រះរាជកេរដំណែលរបស់ព្រះអង្គដែល​បាន​បន្សល់ទុក​ជាពិសេស​ព្រះរាជ​កិច្ច​ដ៏​អស្ចារ្យ​ក្នុង​ការ​ទាមទារឯករាជ្យ ការកសាងជាតិ និងការរក្សាបូរណភាពទឹកដី។

ប្រជានុរាស្ត្រវ័យចាស់នានា បានថ្លែងប្រាប់BTV ដោយសូមសម្តែង​នូវ​ការ​គោរព​ដឹង​គុណ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ថ្វាយ​ចំពោះ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុ​ង​ព្រះរាជសកម្មភាពដ៏ធំធេងបំផុត ក្នុងបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ការផ្សះផ្សាជាតិ ការ​បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយប្រជានុរាស្ត្រចាស់ៗទាំងនោះ បាន​រៀប​រាប់​ដែរ​ថា ប្រទេសជាតិក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ដែល​ប្រជា​នុ​រាស្ត្រគ្រប់ជំនាន់មិនអាចបំភ្លេចបាន គឺការទាមទារបាននូវឯករាជ្យ ថ្ងៃទី៩ វិច្ឆិការ ១៩៥៣ និង​ការទាមទារបានប្រាសាទព្រះវិហារ ដោយតុលាការទីក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​១៩៦២ និងមានព្រះរាជសកម្មភាពកសាងជាតិមាតុភូមិ សម្រេច​បាន​នូវស​មិទ្ធិ​ផល​ជា​ច្រើន​អនេក​ទៀត​។

សូមបញ្ជាក់ថា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ; ព្រះបរមរតនកោដ្ឋ” ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១​កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអ​ង្គ​បាន​យាង​ចូលព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយទទួលព្រះបរមបច្ឆាមរណនាម “ព្រះ​បរមរតនកោដ្ឋ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia