Connect with us

ព័ត៌មាន

មន្ទីរពេទ្យព្រះអង្គឌួង នឹងរៀបចំកម្មវិធីពិនិត្យ និងវះកាត់ភ្នែកឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅសាលាបឋមសិក្សាភ្នំពេញថ្មី

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ មន្ទីរពេទ្យព្រះអង្គឌួង និងចូលរួមគាំទ្រដោយមូលនិធិហ្រេ្វដហូឡូកម្ពុជា (The Fred Hollows Foundation) នឹងរៀបចំកម្មវិធីពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាពភ្នែក។ កម្មវិធីមនុស្សធម៌ដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាបឋមសិក្សាភ្នំពេញថ្មី ដែលស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីឯកឧត្តមសាស្រ្តាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមនី្ទរពេទ្យព្រះអង្គឌួង បានឱ្យដឹងថា យុទ្ធនាការសប្បុរសធម៌ដ៏ធំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយកាត់បន្ថយអត្រាពិការភាពភ្នែក និងលើកកម្ពស់សុខុមាលភាពគំហើញរបស់ប្រជាពលរដ្ឋ ពិសេសអ្នកដែលមានជីវភាពខ្វះខាត។ ឯកឧត្តមសាស្ត្រាចារ្យរង បានបន្ថែមថា ក្រុមគ្រូពេទ្យជំនាញឯកទេសភ្នែក នឹងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អបំផុត។

កម្មវិធីពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ដោយឥតគិតថ្លៃនេះ គ្រោងនឹងផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋឱ្យបានរហូតដល់ចំនួន ៥,០០០នាក់។ កម្មវិធីមនុស្សធម៌នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ចាប់ពីម៉ោង ៧:០០ នាទីព្រឹក រហូតដល់ម៉ោង ១២:០០ នាទីថ្ងៃត្រង់។ ចំពោះទីតាំង គឺស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាភ្នំពេញថ្មី តាមបណ្តោយផ្លូវលេខ១០១៩ (មហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ) ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពភ្នែក អញ្ជើញមកពិនិត្យសុខភាពភ្នែកនៅទីកន្លែង និងកាលបរិច្ឆេទដែលបានកំណត់ខាងលើ៕អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia