Connect with us

ព័ត៌មាន

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការចរចាព្រំដែនរវាងប្រទេស និងប្រទេស ជា​ការ​ទទួល​ខុស​ចំពោះ​ជាតិ ​និងប្រជាជន មិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬតាមញ្ញាណពិសេស នោះទេ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​សរសេរ​សារ​បញ្ជាក់​តាម​បណ្ដាញ​សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះថា កិច្ចការចរចា​ព្រំដែន​រវាង​ប្រទេស ​និងប្រទេស ជាការទទួលខុសចំពោះជាតិ និងប្រជាជន មិនអាចធ្វើ​ការ​ដោយ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់ ឬតាមញ្ញាណពិសេស នោះទេ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា កិច្ចការចរចារព្រំដែនរវាងប្រទេស និងប្រទេស គឺ​ជា​ការ​ទទួល​ខុស​ត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិ និងប្រជាជន ដែលទាមទាអោយ​មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ទាំង​ផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើធ្វើកិច្ចការដោយភាពម៉ត់ចត់ និង​ការ​អត់​ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិរបស់យើង។ មិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬតាមប្រភពយកជាការមិនបាន ដូច​ជា​តាម​ទូរទស្ស​ន៍​ឬ​បណ្តាញសង្គម, តាមលឺគេថា, ឬតាមញ្ញាណពិសេស ។ល។ នោះទេ។

សម្ដេចធិបតី​បាន​សង្គត់ធ្ងន់ថា ចំពោះការជ្រើសរើសវិធីសាស្ត្រដើម្បីដោះស្រាយ គឺត្រូវជ្រើស​រើស​វិធី​សាស្ត្រ​ណាមួ​យដែលស្របទៅតាមកាលៈទេសៈ និងស្ថានភាពជាក់ស្តែង មិនថាជាយន្តការទ្វេភាគី (ដែលយើងកំពុងព្យាយាមជំរុញ ដើម្បីដោះស្រាយព្រំដែនគោកតាម JBC) ឬជាយន្តការអន្តរជាតិ (ដែលយើងកំពុងប្រើប្រាស់ ក្នុងការដោះស្រាយព្រំដែនទឹក តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS)។

តាមរយៈសារលើបណ្ដាញសង្គមសម្ដេចធិបតី ក៏បានជូនពរចំពោះគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ នៅវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ប្រទេសហូឡង់ ពីថ្ងៃទី១៤-១៨ ខែតុលា ឆ្នាំ២០២៦ផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia